នយោបាយ

បទអត្ថាធិប្បាយ ៖ ក្នុងដំណើរធ្វើទំនើបកម្ម តាមបែបផែនចិន ដើម្បីស្តារភាពរុងរឿង ដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ តើប្រទេសចិន នឹងនាំមកនូវអ្វីខ្លះ ជូនពិភពលោក ?

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបិទបញ្ចប់ ដោយជោគជ័យ ក្រុមថ្នាក់ដឹកនាំកំពូលអាណត្តិថ្មី នៃបក្សកុម្មុយនីស្តចិន ក៏បានប្រសូត្រចេញ ក្នុងសមាជលើកនេះផងដែរ ។

របាយការណ៍ការងារ ដែលថ្លែងក្នុងសមាជលើកនេះ បានលើកឡើង ពីពាក្យ គន្លឺះមួយចំនួនដូចជា «ទំនើបកម្ម តាមបែបផែនចិន» «អភិវឌ្ឍន៍ ដោយគុណភាពខ្ពស់» , «លើកកម្ពស់កម្រិតបើកទូលាយ ចំពោះបរទេស» , «ជំរុញអភិបាលកិច្ច បរិស្ថានអេកូឡូស៊ី» និង«មិនធ្វើអនុត្តរភាព និងមិនវាតទី ជារៀងរហូត» ។ល ។ ពាក្យគន្លឹះទាំងនេះជាទិសដៅ នៃនយោបាយរបស់បក្ស កុម្មុយនីស្តចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងរយៈវែងក្នុងពេលអនាគត ។ អ្វីដែលសហគមន៍អន្តរជាតិ ចង់ដឹងចង់ឮគឺថា ក្នុងដំណើរនេះ តើប្រទេសចិន នឹងមកនូវឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានចំពោះពិភពលោក ?

បច្ចុប្បន្ន ពិតមែនតែប្រជាជនចិន ដែលស្ថិតក្រោមស្តង់ដារ នៃបន្ទាត់ក្រីក្ររបស់ចិន បានចេញផុតពីភាពក្រីក្រ ទាំងស្រុងហើយក្តី ក៏ប៉ុន្តែប្រទេសចិន នៅតែស្ថិតក្នុងជួរ នៃប្រទេសកំពុងអភិវឌ្ឍន៍ដដែល ហើយជាប្រទេស កំពុងអភិវឌ្ឍន៍ធំបំផុត លើពិភពលោក ហេតុនេះការសម្រេចគោលដៅ «វិបុលភាពរួម»ត្រូវពុះពារ ឧបសគ្គលំបាកៗជាច្រើនទៀត ពិសេសស្ថិតក្នុងបរិបទ ដែលនិម្មាបនកម្មពិភពលោក មានការប្រែប្រួលយ៉ាងខ្លាំង និងស្ថានការណ៍អន្តរជាតិ មានភាពរង្គោះរង្គើបែបនេះ ។

បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើង ប្រទេសចិន បានកសាងប្រទេសជាតិ ពីបាតដៃទទេ ហើយរយៈពេល ៦០ ឆ្នាំ បានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោក , រយៈពេល ៧០ ឆ្នាំ បានលុបបំបាត់ភាពក្រីក្រ ក្នុងប្រទេសទាំងស្រុង ។ តើអ្វីទៅដែលជាគន្លឺះ ជោគជ័យរបស់ប្រទេសចិន ? ចម្លើយគឺការដើរតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្រប នឹងសភាពការណ៍ជាតិរបស់ខ្លួន អភិវឌ្ឍដោយសន្តិភាព មិនធ្វើអនុត្តរភាព មានមេត្រីភាពជាមួយបណ្តាប្រទេស និងដៃគូសហប្រតិបត្តិការ គាំពារពហុភាគីនិយម ពិសេសគឺធ្វើរឿងជាក់ស្តែងជូនប្រជាជន ។

ឈានចូលយុគសម័យថ្មី ប្រទេសចិន ដែលប្រកាន់ខ្ជាប់ការដើរ តាមផ្លូវសង្គមនិយម ដែលប្រកប ដោយលក្ខណៈពិសេសចិន បានដើរតួសំខាន់ឡើងៗ លើឆាកអន្តរជាតិ ដែលមិនត្រឹមតែជាក្បាលម៉ាស៊ីន នៃ កំណើនសេដ្ឋកិច្ចពិភពលោក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុថ្កា សម្រាប់ជួយលំនឹងស្ថិរភាព និងសន្តិភាពពិភពលោកផងដែរ ។ ពិសេសក្នុងបរិបទកូវីដ ការរួមចំណែករបស់ប្រទេសចិន ចំពោះការគាំពារសុខភាពសាធារណៈគឺមិនអាចកាត់ថ្លៃបានទេ ពោលគឺប្រទេសចិន បានចែកចាយវ៉ាក់សាំងកូវីដ-១៩ ច្រើនបំផុត ជាមួយពិភពលោក ក៏ដូចជាបានចាត់បញ្ជូន ក្រុមអ្នកជំនាញវេជ្ជសាស្ត្រច្រើនបំផុត ដើម្បីទៅជួយប្រយុទ្ធប្រឆាំង ជំងឺឆ្លង នៅប្រទេសដែលមានតម្រូវការ ដែលបានជួយសង្គ្រោះអាយុជីវិត របស់មនុស្សរាប់មិនអស់ ស្របតាមទស្សនៈអភិបាល កិច្ចរបស់ប្រទេសចិនគឺ «ប្រជាជនជាចម្បង» ។

ថ្នាក់ដឹកនាំកំពូលចិនតែងលើកឡើងថា «ភារកិច្ចចម្បងរបស់ប្រទេសចិនគឺអភិវឌ្ឍខ្លួនឯង ឱ្យបានល្អ ពិសេសត្រូវអភិវឌ្ឍដោយគុណភាពខ្ពស់» ។ ជាការពិតណាស់ ប្រសិនជាខ្លួនឯង មិនទាន់អភិវឌ្ឍផង តើទៅជួយអ្នកដទៃយ៉ាងម៉េច ? ជាក់ស្តែង ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសចិនមានល្បឿន កំណើន សេដ្ឋកិច្ចដ៏លេច ធ្លោបំផុត ហើយបណ្តាប្រទេសជាមិត្តនិង ដៃគូអភិវឌ្ឍន៍ក៏រមែងទាញ បានផលពីការអភិវឌ្ឍ របស់ប្រទេសចិនផងដែរ ។

ក្នុងសមាជបក្សកុម្មុយនីស្ត ដែលទើបបិទបញ្ចប់ ប្រទេសចិនបាន ដាក់ចេញទិសដៅការងារថ្មី ស្តីពីការជំរុញការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ពោលគឺការធ្វើទំនើបកម្ម ដែលគ្របដណ្តប់ លើទ្រង់ទ្រាយ ប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្ម ដែលប្រជាជនទាំងមូលសុទ្ធ តែទទួលបានជីវភាព រស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្ម ដែលអរិយធម៌ ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ មានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្ម ដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្ម ដែលដើរតាមមាគ៌ា អភិវឌ្ឍន៍ដោយសន្តិភាព ។

តាមរយៈគំនិត«ទំនើបកម្ម តាមបែបផែនចិន»យើងអាចឃើញថា ការអភិវឌ្ឍ នាពេលអនាគត របស់ប្រទេសចិន មានវិសាលភាពធំធេង ដែលមានឥទ្ធិពលយ៉ាងខ្លាំង ចំពោះប្រទេសជាតិ និងពិភពលោក ។ ពាក់ព័ន្ធនឹងបញ្ហាថា តើឥទ្ធិពលនេះវាវិជ្ជមានឬអវិជ្ជមាន យើងអាចគិតពិចារណា តាមរយៈការបកស្រាយ ចំពោះគោលគំនិតមួយនេះ ។

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា ប្រទេសចិនគឺជាប្រទេស ដែលមានចំនួនប្រជាជនច្រើនបំផុត លើពិភពលោក ដែលត្រូវជាជិត ២០ ភាគរយ នៃចំនួនប្រជាជន សរុបលើពិភពលោក ។ អាស្រ័យហេតុនេះ ប្រសិនបើប្រទេសចិន សម្រេចការកសាង ប្រទេសមួយ ដែលប្រជាជន មានវិបុលភាពរួម បានន័យថានឹងមានចំនួនប្រជាជន យ៉ាងហោចណាស់ ២០ ភាគរយលើពិភពលោក ដែលមានជីវភាពសម្បូរសប្បាយ ។ ពិសេសគឺទីផ្សារដែលមានចំនួន ប្រជាជនជិត ១ ភាគ ៥ នៃពិភពលោកមួយនេះ បាននិងកំពុង បើកចំហកាន់តែធំទៅៗចំពោះពិភពលោក ឱកាសសហប្រតិបត្តិការថ្មីៗ បានលេចចេញ ជាបន្តបន្ទាប់ ភាគលាភ នៃការអភិវឌ្ឍ របស់ប្រទេសចិនបាន និងកំពុងចែករំលែកជា មួយបណ្តាប្រទេស ជាមិត្តតាមរយៈកិច្ច សហប្រតិបត្តិការដ៏ស្អិតល្មួត ។

ប្រទេសចិនមានទំហំផ្ទៃដីធំទី ៣ លើពិភពលោក ដែលសម្បូរដោយជីវចម្រុះ ។ ឯគំនិតផ្តួចផ្តើម ស្តីពីការកសាងសហគមន៍ រួមជីវិតរវាងមនុស្សជាតិ និងធម្មជាតិរបស់ចិន ជាទិសដៅអភិរក្សបរិស្ថានអេកូឡូស៊ី និងជីវចម្រុះ ។ ម៉្យាងវិញទៀត ប្រទេសចិន បានដាក់ចេញយុទ្ធសាស្ត្រ«ទ្វេកាបូន» ពោលគឺកាត់បន្ថយការ បញ្ចេញកាបូនបន្ទាប់ពីឡើង ដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ ប្រសិនបើសម្រេច បាននូវគោលដៅទាំងពីរនេះ នោះការរួមចំណែករបស់ប្រទេសចិន ក្នុងការឆ្លើយតបនឹងបម្រែបម្រែ អាកាសធាតុសកលគឺសកម្មនិងវិជ្ជមានបំផុត ។

បើមើលក្នុងប្រវត្តិសាស្ត្រ ប្រទេសចិន មិន ដែលបំផុសសង្គ្រាមដោយម្ចាស់ការ ជាមួយប្រទេសណាមួយនោះទេ ហើយក៏មិន ដែលធ្វើអាណានិគម លើប្រទេសណាដែរ ។ ថ្នាក់ដឹកនាំចិនបានលើកឡើងថា «ប្រទេសចិន មិននាំចូលរូបមន្តអ្នកដទៃទេ ហើយក៏មិននាំចេញរូបមន្តរបស់ខ្លួនដែរ ។» មានន័យថាគ្មានប្រទេសណា ដែលអាចបង្ខិតបង្ខំឱ្យប្រទេសចិន អនុវត្ត តាមរូបមន្តអភិវឌ្ឍន៍ របស់ប្រទេសខ្លួននោះទេ ហើយប្រទេសចិន ក៏មិនបង្ខំឱ្យប្រទេសណា អនុវត្តតាមរូបមន្តអភិវឌ្ឍន៍ របស់ខ្លួនដែរ ។ ប៉ុន្តែប្រទេសចិននឹងក្រេបយកពុទ្ធិ ពីបទពិសោធដ៏ជោគជ័យ របស់ប្រទេសដទៃ ហើយក៏រីការាយ ចែករំលែកនូវបទពិសោធ របស់ខ្លួនជាមួយប្រទេសនានាផងដែរ ។ មិនធ្វើអនុត្តរភាព តែធ្វើកិច្ចសហប្រតិបត្តិការ មិនវាតទី តែពង្រីករង្វង់មិត្តភក្តិ នេះជាការសន្យា ដ៏ឱឡារិករបស់ប្រទេសចិន ចំពោះពិភពលោក ។ តើប្រទេសចិននឹងធ្វើ តាមពាក្យសន្យារបស់ខ្លួន ដែលនឹងនាំមកនូវផល ប្រយោជន៍កាន់តែច្រើន ជូនពិភពលោក ឬយ៉ាងណា ? ចម្លើយគឺស្ថិតក្នុងការ អនុវត្តរបស់ប្រទេសចិន នាពេលកន្លងមក ដែលពិភពលោកសុទ្ធ តែបានមើលឃើញ យ៉ាងច្បាស់រួចហើយ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top