នយោបាយ

បទវិភាគ ៖ ប្រឈមនឹង គ្រោះមហន្តរាយ អ្នកនយោបាយអាមេរិក គួរតែទម្លាក់ចុះនូវ “អាវុធបែបអាមេរិក” នោះទៅ

“យើងត្រូវការជំនួយ យើងធុញទ្រាន់ នឹងអ្វីទាំងអស់នេះ ។ ប្រទេសប៉ែកខាងលិច កំពុងដាក់ទណ្ឌកម្មទៅលើប្រជាជនស៊ីរី ពួកគេចាំបាច់ត្រូវលុបចោល ការដាក់ទណ្ឌកម្ម !” នៅថ្ងៃទី៧ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅទីក្រុងALEPPO ដែលជាតំបន់រងគ្រោះរញ្ជួយដី នៅភាគខាងជើង ប្រទេសស៊ីរី លោកស្រី Aisha al-Hilu ដែលជាគ្រូបង្រៀនមួយរូប ក្នុងតំបន់នេះបានថ្កោលទោស ដោយខឹងសម្បារ ចំពោះការដាក់ទណ្ឌកម្ម ដោយឯកតោភាគី របស់ប្រទេសលោកខាងលិច ទៅលើស៊ីរី ។

នៅថ្ងៃទី៦ ខែកុម្ភៈ នៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសតួកគី ជាប់តំបន់ព្រំដែនប្រទេសស៊ីរី បានកើតមានគ្រោះរញ្ជួយដី កម្រិត ៧.៨រិច្ឆទ័រ ២លើក ។ តាមទិន្នន័យថ្មីបំផុត របស់ក្រសួងសុខាភិបាលស៊ីរី បានឱ្យដឹងថា ត្រឹមតែនៅក្រុងALEPPO ទីប្រជុំជនខេត្តALEPPO ក៏មានអគារ ប្រហែល៥០ ខ្នងបានបាក់រលំ ចំនួនមនុស្សស្លាប់ឬ របួសបាននិងកំពុងកើនឡើង ថែមមួយកម្រិតទៀត ។

និយាយចំពោះប្រជាជនស៊ីរី ដែលបានរងទុក្ខសោកវេទនា ពីសង្គ្រាមរ៉ាំរ៉ៃនិង វិបត្តិមនុស្សធម៌ គ្រោះរញ្ជួយដី យ៉ាងខ្លាំងលើកនេះ ធ្វើឱ្យសភាពការណ៍ កាន់តែធ្ងន់ធ្ងរថែមទៀត ។ ការងារជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីជាការងារបន្ទាន់ ធ្វើការងាររុករកនិង ជួយសង្គ្រោះកាន់តែឆាប់ គឺមានឱកាសជួយ ស្រោចស្រង់ អាយុជីវិតបានកាន់តែច្រើន ។ ប៉ុន្តែ ខណៈពេលនេះ ប្រទេសស៊ីរីកំពុងប្រឈមនឹងភាពលំបាកជាច្រើន ។

ក្រសួងការបរទេសស៊ីរីបានលើកឡើងថា ដោយមកពីបានរងការដាក់ទណ្ឌកម្ម ពីអាមេរិកនិងលោកខាងលិចក្នុងរយៈពេលយូរ បានជាក្នុងស្រុកស៊ីរី ខ្វះគ្រឿងបរិក្ខារជួយ សង្គ្រោះ ដូច្នេះ បុគ្គលិកជួយសង្គ្រោះត្រូវចំណាយពេលវេលាពីរ ដងមកបំពេញ ការងារ រហូតដល់ប្រជាជន មានតែជីកកកាយគំនរ បាក់បែកដោយដៃទទេ ។ លោក Emma Beals អ្នកសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ មជ្ឈិមបូព៌ា ជាធនាគារគំនិត ដែលមានទីចាត់ការទូទៅ នៅក្រុង វ៉ាស៊ីនតោន បានលើកឡើងថា ផ្លូវចូលទៅកាន់ស៊ីរីរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យខកខាន ពេលវេលាដឹកជញ្ជូនសម្ភារៈជួយសង្គ្រោះ ។

ប្រឈមនឹងសភាពការណ៍ ដ៏បន្ទាន់បែបនេះ សហព័ន្ធអឌ្ឍចន្ទក្រហមស៊ីរី គណៈកម្មាធិការប្រឆាំងការរើសអើង ពូជសាសន៍អាមេរិក-អារ៉ាប់ជាដើម បាននាំគ្នាអំពាវនាវ ឱ្យអាមេរិក និងលោកខាងលិចលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើស៊ីរី ក្នុងពេលឆាប់ៗ ដើម្បីចៀសវាងកុំឱ្យ ស្ថានការណ៍ មនុស្សធម៌ មានភាពកាន់តែអាប់អួរ ទៅថែមមួយកម្រិតទៀត ។ ប៉ុន្តែ ប្រជាជនគ្មានលំនៅដ្ឋាន នៅរដូវរងា សម្រែកថ្ងួចថ្ងូរ នៅក្រោមគំនរបាក់បែក និងក្តីអំពាវនាវរបស់សហគមន៍ អន្តរជាតិ សុទ្ធតែមិនអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អាមេរិកនោះទេ។ លោក Ned Price អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក បានលើកឡើងយ៉ាងច្បាស់ថា គ្រាន់តែផ្តល់ជំនួយឧបត្ថម្ភតាមរយៈ “ដៃគូមនុស្សធម៌ក្នុងតំបន់” តែប៉ុណ្ណោះ អាមេរិកបដិសោធធ្វើការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលស៊ីរីរបស់លោក អាសាត ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រទេសនិងតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះក៏បូករួមទាំងប្រទេសចិនផង បាននាំគ្នាផ្ញើការសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភ ដល់ប្រទេសទាំងពីរ តួកគីនិងស៊ីរី ។ បើប្រៀបធៀបនឹងការសាមគី្គគ្នាជាធ្លុងមួយរបស់ពិភពលោកទាំងមូល ដើម្បីជួយសង្គ្រោះគ្រោះរញ្ជួយដី ទង្វើរបស់អាមេរិកគួរឱ្យអៀនខ្មាស់ និងធ្វើឱ្យអ្នកផងទាំងពួងខកចិត្ត ។

ប្រឈមនឹងគ្រោះមហន្តរាយ អ្នកនយោបាយ អាមេរិក ដែលតែងតែនិយាយបានតែមាត់ថា “សិទ្ធិមនុស្ស” និង “មនុស្សធម៌” សូមបង្ហាញពីទឹកចិត្តអាណិត អាសូរ និងផ្តល់ជំនួយ តាមរយៈសកម្មភាពជាក់ស្តែងផង សូមប្រញាប់លុបចោលការដាក់ទណ្ឌកម្ម ដោយឯកតោភាគី ទៅលើស៊ីរីឱ្យបានឆាប់ និងផ្តល់ភាពងាយស្រួល ក្នុងការផ្តល់ជំនួយមនុស្សធម៌ កុំឱ្យគ្រោះមហន្តរាយធម្មជាតិក្លាយទៅជាគ្រោះចង្រៃ ដែលបង្កឡើងដោយមនុស្ស ៕

To Top