នយោបាយ

លោក សយ សុភាព៖ មិនបានចុះបញ្ជី ឈ្មោះបោះឆ្នោត ស្មើនឹងរលាយ

ភ្នំពេញ៖ លោក​ សយ សុភាព អគ្គនាកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន ស្មើនឹងរលាយ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «បើបក្សប្រឆាំង មានមតិបែបនេះតាំងពីដំបូងម្ល៉េះ មិនមានរឿងរ៉ាវកន្លងមកទេ។ ប៉ុន្តែមិនដូច្នោះឯណា។ តែពេលនេះប្រសាសន៏ របស់បង (ស៊ុន ឆ័យ) ហាក់យឺតពេលទៅហើយ សម្រាប់បោះឆ្នោតពេលនេះ។ បើអាចសូមរង់ចាំ នៅឆ្នាំ២០២៨»។

ស្ដាប់ការលើកឡើងរបស់លោក ស៊ុន ឆ័យ

ត្រង់ចំណុចនេះ លោក សយ សុភាព ក៏បានសុំទោសទុកជាមុន ចំពោះការលើកឡើង ព្រោះវាគ្រាន់តែយល់ឃើញ មួយជ្រុងតូចតែប៉ុណ្ណោះ។

បន្ថែមលើសពីនេះ លោក សយ សុភាព បានអះអាងថា បានស្គាល់រាប់អានគ្នា ជាមួយលោក​ ស៊ុន ឆ័យ យ៉ាងជិតស្និទ្ធ ក្នុងនាមជាអ្នកនយោបាយនិងអ្នកសារព័ត៌មាន។ លោកបន្ថែមថា យ៉ាងណារូបលោក និងលោក ស៊ុន ឆ័យ នៅតែបន្តរាប់អានគ្នា ដោយមិនខ្វល់ពីមតិខាងក្រៅ។

ចំពោះការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន លោក សយ សុភាព គួសបញ្ជាក់ថា «សង្ឃឹមថាបោះឆ្នោតឆ្នាំ២០២៨ សហការីរបស់ លោក ស៊ុន ឆ័យ ក៏ដូចបក្សប្រឆាំងនិងមានមតិបែបៗនេះ។ ឥឡូវនេះអ្នកខ្លះ កំពុងខ្មោចចូល ដែលបាននាំទៅដល់អន្តរាយ។ មិនបានចុះឈ្មោះបោះឆ្នោតស្មើនឹងរលាយ។ នេះបើវាក្លាយ ទៅជាការពិត តាមអ្នកវិភាគ»។

លោក សយ សុភាព បន្ថែមថា កត្តាម៉្យាងទៀត មេដឹកនាំ មិនត្រូវច្បាប់ខ្មែរ (សម រង្ស៊ី) ក៏ជាផ្នែកមួយ ដែលបានជួយបំផ្លាញ (គណបក្សភ្លើងទៀន) ថែមពីលើមួយជាន់ទៀតផងដែរ។

សូមរំលឹកថា គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គជប បានបដិសេធចំពោះការចុះបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន ដោយអះអាងថា​គណបក្សមួយនេះ មិនបានបំពេញលក្ខណ្ឌគ្រប់គ្រាន់ តាមច្បាប់ ដែលមានចែង នៅក្នុងគជប ៕

To Top