នយោបាយ

ចិន គាំទ្រយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញព្រឹត្តិការណ៍នយោបាយសំខាន់ៗ នៅកម្ពុជា

រូបភាព÷ ស្ថានទូតចិន

ភ្នំពេញ៖លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសជាថ្មីលើកិច្ចគាំទ្រកម្ពុជា យ៉ាងមុតមាំក្នុងការជំរុញព្រឹត្តិការណ៍នយោបាយសំខាន់ៗជាប្រវត្តិសាស្រ្ត យ៉ាងមានលំនឹងនៅកម្ពុជាក្នុងការបន្តដំណើរ លើមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងការការពារឯករាជ្យជាតិ អធិបតេយ្យភាព សន្តិសុខ និងអត្ថប្រយោជន៍អភិវឌ្ឍន៍។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា លោក វ៉ាង វិនធាន មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិក្នុងប្រទេសកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាយ៉ាងធំធេង ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផែនការបណ្តាញផ្លូវទូទាំងប្រទេសត្រូវបានអនុវត្តជាបណ្តើរៗ។ កាលពីប៉ុន្មានថ្ងៃមុន កម្ពុជាបានរៀបចំការបោះឆ្នោតជាតិនីតិកាលទី៧ដោយយុត្តិធម៌និងសច្ចធម៌។ភាគីចិនសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះលើសលប់របស់គណបក្សប្រជាជនកម្ពុជាសូមជូនពរការបង្កើតសភានិងរាជរដ្ឋាភិបាលថ្មីនៅកម្ពុជាប្រកបដោយភាពជោគជ័យ។

លោកទូតជឿជាក់ថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រធានស្នូលនិងមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី កម្ពុជានឹងសម្រេចបានសមិទ្ធផលកាន់តែធំធេងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានឹងកាន់តែល្អប្រសើរនិងមោទកភាព។

លោក វ៉ាង វិនធាន សង្កត់ធ្ងន់ថា “ឆ្នាំ២០២៣នេះគឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ ចិននិងកម្ពុជាសហការ គ្នាអនុវត្តកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំ ទាំងពីរប្រទេស ជំរុញឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ចំណងមិត្តភាព ដែកថែប ដ៏ស្អិតរមួតរវាងចិននិងកម្ពុជាយ៉ាងមុតមាំ អនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងជោគជ័យរួមយ៉ាងមុតមាំ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មីយ៉ាងមុតមាំ”។

លោក វ៉ាង វិនធាន គូសបញ្ជាក់ថា “ភាគីចិនសូមបញ្ជាក់ជាថ្មីម្ដងទៀតថា នឹងគាំទ្រកម្ពុជា យ៉ាងមុតមាំក្នុងការបន្តដំណើរ លើមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិ របស់ខ្លួន គាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យភាព សន្តិសុខ និងអត្ថប្រយោជន៍អភិវឌ្ឍន៍ គាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការជំរុញព្រឹត្តិការណ៍នយោបាយសំខាន់ៗ ជាប្រវត្តិសាស្រ្ត យ៉ាងមានលំនឹង។ ប្រឆាំងដាច់ខាត ចំពោះកម្លាំងខាងក្រៅ ដែលជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា”៕

To Top