អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ចិនមិនអនុញ្ញាតឱ្យបរទេស ណាបង្ករឿងហេតុលើបញ្ហាតំបន់តៃវ៉ាន់ ជាដាច់ខាត

ពេលថ្មីៗ​កន្លងទៅនេះ ​ខណៈពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​លោក ​Antony ​Blinken ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកបាន​ថ្លែងថា ​សហរដ្ឋអាមេរិក​មានពាក្យសន្យា​ស្តីពី​ការធានាឱ្យ​តំបន់តៃវ៉ាន់​មាន​សមត្ថភាព​ការពារខ្លួនឯង​ ព្រមទាំង​បាន​ថ្លែងទៀតថា​ មាន​ប្រទេស​ជាច្រើន​បានចាត់ទុក​ការបំផ្លាញ​សភាពការណ៍​បច្ចុប្បន្ន​ដោយប្រើ​កម្លាំងអាវុធ​ជាឯកតោភាគី ​ជាការគំរាម​កំហែង​យ៉ាងខ្លាំង​ចំពោះសុខ​សន្តិភាព ​។ ប៉ុន្តែ ​ប្រសាសន៍​ផ្ទាល់​ខ្លួន​របស់លោក​ក្នុងជំនួប​ពិភាក្សារវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ចិន​និងអាមេរិក​កាលពី​ចុងខែមុន ​បែរជាបាន​​ថ្លែងថា​ ភាគីអាមេរិក​នឹងបន្ត​ប្រកាន់ខ្ជាប់​គោលនយោបាយ​ប្រទេសចិន​តែមួយ​ជាបន្តបន្ទាប់​ ។ លោក​និយាយ​ក្រឡាស់​ភ្លាមៗ​បែបនេះ ​សាកសមនឹង​​ឋានៈ​របស់លោក​ដែល​ជា​ប្រមុខ​ការទូតរបស់​សហរដ្ឋអាមេរិកទេ?

មួយរយៈពេល​កន្លងទៅនេះ ​ស្ថានការណ៍​ដ៏តានតឹង​នៃតំបន់​ច្រកសមុទ្រ​តៃវ៉ាន់បាន​ឡើង​កម្តៅ​ជាបន្តបន្ទាប់ ​មូលហេតុគឺ​ដោយមក​ពី​ មួយផ្នែក​ អាជ្ញាធរ​តៃវ៉ាន់ប៉ុនប៉ង​វាយទម្លុះ​ក្របខ័ណ្ឌនៃ​គោលការណ៍​ចិនតែមួយ​ជាច្រើនលើក​ ហើយប៉ុនប៉ង​ពង្រីកលំហ​ធ្វើសកម្មភាព​របស់ពួក​ចង់ឱ្យតៃវ៉ាន់​ឯករាជ្យ​ មួយផ្នែកទៀត​គឺអ្នកនយោបាយ​អាមេរិកបាន​បណ្តែត​បណ្តោយញុះ​ញង់និង​ផ្តល់ការ​គាំទ្រដល់​ពួកចង់ឱ្យ​តៃវ៉ាន់​ឯករាជ្យ ។

សេចក្តី​ប្រកាស​នៃកិច្ចប្រជុំ​ពេញអង្គ​លើកទី៦នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​អាណត្តិទី១៩​ដែលប្រកាស​កាលពីថ្ងៃ​ទី១១ខែ​វិចិ្ឆកាបាន​បង្ហាញ​យ៉ាងច្បាស់​លាស់​ថា ​ប្រទេសចិន​ប្រកាន់ខ្ជាប់​គោលការណ៍​ចិនតែមួយនិង ​“មតិឯកភាពគ្នា​នៃត្រើយទាំង​សងខាង​ច្រកសមុទ្រ​តៃវ៉ាន់នៅ​ឆ្នាំ១៩៩២” ​ប្រឆាំង​ទង្វើបំបែក​បំបាក់នៃ​ពួកចង់ឱ្យ​តំបន់តៃវ៉ាន់​ឯករាជ្យ​យ៉ាងដាច់ខាត​ និងប្រឆាំង​កម្លាំង​ខាង​ក្រៅធ្វើការ​ជ្រៀតជ្រែក​យ៉ាងដាច់ខាត ។ ​សេចក្តីប្រកាស​នេះបាន​អធិប្បាយ​យ៉ាង​ច្បាស់លាស់​នូវកាបេ្តជ្ញាចិត្ត​យ៉ាងមុតមាំ​និងគោលជំហរ​យ៉ាងម៉ឺងម៉ាត់​របស់ភាគីចិន​ក្នុងការគាំពារ​អធិបតេយ្យភាព ​សន្តិសុខ​និងផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ ។ អ្នកនយោបាយ​អាមេរិក​មួយចំនួន​ប៉ុនប៉ង​យកបញ្ហា​តំបន់តៃវ៉ាន់ធ្វើ​ជាលេសដើម្បី​ទប់ស្កាត់​ការអភិវឌ្ឍ​របស់ចិន​ នេះជាការវិនិច្ឆ័យ​ដ៏ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ស្ថានការណ៍ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ​ភាគីចិនបាន​ព្រមានម្តង​ហើយម្តង​ទៀតថា​ បញ្ហាតៃវ៉ាន់​ជាបញ្ហា​សំខាន់បំផុត​និងរសើបបំផុត​ក្នុងទំនាក់ទំនង​រវាងចិននិង​អាមេរិក ​។ លក្ខខណ្ឌ​សសម្រាប់ឱ្យ​ទំនាក់ទំនង​រវាងចិននិង​អាមេរិក​វិលត្រឡប់ទៅរក​ផ្លូវអភិវឌ្ឍន៍ប្រកប​ដោយ​សិ្ថរភាព​និង​និរន្តរភាព ​គឺភាគីអាមេរិក​ចាំបាច់ត្រូវ​បញ្ឈប់​ទំនាក់ទំនង​ផ្លូវការជាមួយ​អាជ្ញាធរ​តំបន់តៃវ៉ាន់​ភ្លាមទោះ​តាមទម្រង់​ណាក៏ដោយ ​មិនបញ្ចេញ​សញ្ញាខុសឆ្គង​ណាទៅកាន់​ពួកបំបែកបំបាក់​ដែលចង់​ឱ្យតៃវ៉ាន់​ឯករាជ្យ​ ព្រមទាំង​បញ្ឈប់​ឧបាយកល​ដែលនិយាយ​ផ្សេងធ្វើផ្សឹង ។

បច្ចុប្បន្ននេះ​ មហាដីគោក​ចិនបាន​ក្តាប់ជាប់​សិទ្ធិណែនាំ​និងសិទ្ធិ​ម្ចាស់ការ​ក្នុង​ទំនាក់ទំនង​រវាងត្រើយ​ទាំងសង​ខាងនៃ​ច្រក​សមុទ្រ​តៃវ៉ាន់រួចហើយ​ ការបង្រួបបង្រួម​របស់​ប្រទេស​​ចិនជា​ចរន្តប្រវត្តិសាស្ត្រ​ដែលមិន​អាចរារាំង​បានទេ ។ ​សូម​ដាស់តឿន​ភាគីអាមេរិក​កុំមើល​ស្រាលចំពោះ​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ ​ឆន្ទៈដ៏មោះមុត​និងសមត្ថភាព​ដ៏ខ្លាំងក្លារបស់​ប្រជាជន​ចិនក្នុង​ការគាំពារ​អធិបតេយ្យភាព​ជាតិនិង​បូរណភាព​ទឹកដីនោះ​ឡើយ​ ។ ទង្វើ​ណាដែល​ចង់បង្ក​រឿងហេតុ​ចំពោះ​គោលការណ៍​ចិនតែមួយ​និងប៉ុនប៉ង​រារាំងនិន្នាការ​បង្រួបបង្រួម​របស់​ប្រជាជាតិចិន​ មុខជានឹង​ទទួល​បរាជ័យជាក់​ជាមិនខាន!

To Top
×