ពិធីសម្ពោធបើកការប្រកួតកីឡាប៉ារ៉ា ឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រារព្ធធ្វើនៅកីឡដ្ឋានជាតិនៅយប់ថ្ងៃទី ៤ ខែមីនា ។”ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ សុទ្ធតែមានភាពអស្ចារ្យដូចគ្នា ។” ក្នុងនាមជា “ទីក្រុងដែលបានរៀបចំ ការប្រកួតកីឡាអូឡាំពិក ទាំងរដូវក្តៅនិងរដូវរងា” ក្រុងប៉េកាំងនឹងក្លាយជា ឆាកលំដាប់ថ្នាក់ពិភពលោកម្តងទៀត សម្រាប់ឱ្យអត្តពលិក មកពីបណ្តាប្រទេសនានា តស៊ូព្យាយាមដ៏ស្វិតស្វាញ និងយកឈ្នះលើខ្លួនឯង លោក Andrew Parsons ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ា ឡាំពិកអន្តរជាតិ បានថ្លែងថា សេវាយ៉ាងដិតដល់ដែលបានផ្តល់ ដោយអ្នកស្ម័គ្រចិត្តនៃការប្រកួតកីឡាប៉ារ៉ា ឡាំពិករដូវរងាក្រុងប៉េកាំង “ធ្វើឱ្យយើងទាំងអស់គ្នាទទួលអារម្មណ៍យ៉ាងពិតប្រាកដពីភាពក្លៀវក្លានិងកក់ក្តៅរបស់ប្រជាជនចិន “។
តាមពិតទៅ ពីតុក្កតាសិរីមង្គលនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឈ្មោះ “Shuey RhonRhon” អ្នកផងទាំងពួងក៏អាចមើលឃើញនូវភាពក្លៀវក្លានិងរាក់ទាក់កក់ក្តៅបែបចិនះដែរ ។ ដោយឡែកតុក្កតាសិរីមង្គល “Shuey RhonRhon” ដែលជានិមិត្តរូបតំណាងឱ្យវប្បធម៌ប្រពៃណីចិន ពោលគឺ “ភាពបរិយាប័ន្ននិងភាពស៊ីសង្វាក់គ្នា”វាមានរូបរាងហាក់ដូចជាចង្កៀងគោមតាមប្រពៃណីចិន ហើយក៏ជានិមិត្តរូបតំណាងឱ្យទស្សនាទានដ៏ល្អបវរដែលកសាងពិភពលោកឱ្យបានកាន់តែមានភាពបរិយាប័ន្នសម្រាប់ជនពិការនិងបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
មិនថា Bing DwenDwen ឬ ShueyRhonRhon ក្តី តុក្កតាសិរីមង្គលនៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងសុទ្ធតែបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវរូបភាពនិងសមិទ្ធិផលអភិវឌ្ឍន៍របស់ចិនក្នុងយុគសម័យថ្មី វប្បធម៌ប្រជាជាតិចិនដែលប្រកបដោយភាពទាក់ទាញពិសេស ក៏ដូចជាការស្រឡាញ់ចូលចិត្តចលនាកីឡាព្រិលទឹកកករបស់ប្រជាជនចិន ជាពិសេសគឺ យុវជននិងក្មេងជំទង់ផងដែរ ។
នាប៉ុន្មានថ្ងៃជាប់ៗមកនេះ អ្នកនាង Barbara van Bergen អត្តពលិកវិញ្ញាសារជិះស្គីភ្នំអាល់ផែន នៃប្រទេសហូឡង់ ដែលបានទៅដល់ក្រុងប៉េកាំង ដើម្បីចូលរួម ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា បានបង្ហោះសារជាច្រើនតាមបណ្តាញទំនាក់ទំនងសង្គម នៅបរទេសដើម្បីចែករំលែក ការដកពិសោធន៍ដ៏អស្ចារ្យ របស់ខ្លួនម្តងទៀត ចំពោះការចូលរួម ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា នៅក្រុងប៉េកាំង បណ្តាលឱ្យអ្នកប្រើបណ្តាញ អ៊ីនធឺណែត នាំគ្នាបញ្ចេញមតិប្រកបដោយមេត្រីភាព ។ ក្នុងសារដែលអ្នកនាងបានបង្ហោះនោះ គឺ បានចែករំលែកនូវចំណាប់អារម្មណ៍របស់ខ្លួនដែលធ្វើការហ្វឹកហាត់នៅកីឡដ្ឋានហ្វឹកហាត់សម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង អ្នកនាងបានសរសេរថា “មានទឹកចិត្តរំភើបណាស់ ហ្វឹកហាត់នៅទីនេះគួរឱ្យសប្បាយចិត្តណាស់” ។
សូមបញ្ជាក់ថា ភាពស្និទ្ធស្នាលនិងកក់ក្តៅនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ជាគំរូមួយដែលបានបង្ហាញឱ្យឃើញថា បុព្វហេតុកីឡានៃជនពិការរបស់ចិនកំពុងវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ ។នាពេលថ្មីកន្លងទៅនេះ រដ្ឋាភិបាលចិន បានចេញផ្សាយសៀវភៅ សស្តីពី《ការអភិវឌ្ឍន៍បុព្វហេតុកីឡា និងការធានាសិទ្ធិរបស់ជនពិការប្រទេសចិន》ជាលើកដំបូង ដោយបានប្រើប្រាស់ទិន្នន័យលម្អិតនិងករណីជាច្រើនក្នុងន័យបង្ហាញឱ្យឃើញថា ជនពិការចូលរួមលេងកីឡា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ឱ្យជនពិការពង្រឹង សុខភាពទាំងរាងកាយនិងផ្លូវចិត្ត ចូលរួមសកម្មភាពសង្គម និងសម្រេចបាននូវការរីកចម្រើន ដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាវិធីសាស្ត្រដ៏ពិសេស សម្រាប់ឱ្យប្រជាជន យល់ដឹងពីសក្តានុពល និងគុណតម្លៃរបស់ជនពិការ ក៏ដូចជាជំរុញភាពចុះសម្រុងគ្នា និងវឌ្ឍនភាពរួមរបស់សង្គមផងដែរ ។
អាចប៉ាន់ប្រមាណថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង នឹងលើកទឹកចិត្តឱ្យអត្តពលិកជនពិការបង្ហាញ ពីគុណតម្លៃរបស់ចលនា កីឡាប៉ារ៉ាឡាំពិកស្តីពី”ភាពក្លាហាន ការប្តេជ្ញាចិត្ត ការលើកទឹកចិត្តនិងសមភាព” លើកកម្ពស់ការស្វែងយល់របស់សហគមន៍អន្តរជាតិចំពោះជនពិការ ក៏ដូចជាជំរុញការកសាងពិភពលោក ដែលកាន់តែមានភាពបរិយាប័ន្ន និងរួមគ្នាឆ្ពោះទៅអនាគត !