SEA GAME

នារសៀលនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានចេញដំណើរពីស្រុកជើងព្រៃ ខេត្តកំពង់ចាម ឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ បន្ទាប់ពីឈប់ទទួលទានអាហារថ្ងៃត្រង់រួច

កំពង់ចាម៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ដ្រីរាជការ ក្រុមកីឡា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើន ចូលរួមក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា នៅស្រុកជើងព្រៃ បន្ទាប់ពីឈប់ទទួលទានអាហារថ្ងៃត្រង់រួច ក្បួនដង្ហែព្រះអគ្គីជ័យកីឡា និងធ្វើដំណើរបន្តឆ្លងកាត់ស្រុកបាធាយ ខេត្តកំពង់ចាម ឆ្ពោះទៅ ពហុកីឡាដ្ឋានមរតកតេជោ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ASEAN GAME) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាបាននឹងកំពុងរីកចម្រើនយ៉ាងផុលផុស ក្នុងសង្គមជាតិជាទីពេញចិត្តនៃយុវជន យុវវ័យ ប្រជាពលរដ្ឋ ទូទាំងប្រទេស ។

កីឡាក្លាយជាចលនាអប់រំកាយ អប់រំសុខភាព អប់រំសង្គម-វប្បធម៌ អប់រំការរស់នៅ អប់រំឥរិយាបថ ដោយផ្ដល់ជូនប្រជាពលរដ្ឋ និងយុវជន ឱ្យស្គាល់តម្លៃនៃជីវិត តម្លៃនៃការខិតខំប្រឹងប្រែងមានជំនឿចិត្តលើខ្លួនឯង និងឈ្នះលើខ្លួនឯង ដើម្បីឈានទៅរកកិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ ៕

To Top