SEA GAME

សហព័ន្ធបាល់ទាត់ថៃ សុំទោស ចំពោះឧបទ្ទវហេតុយប់មិញ អំឡុងពេលប្រកួតវគ្គផ្តាត់ព្រ័ត្រ

ភ្នំពេញ ៖ សហព័ន្ធបាល់ទាត់ថៃ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញ សោកស្តាយ និងសុំទោស ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើង ក្នុងពេលប្រកួតបាល់ទាត់វគ្គផ្តាត់ព្រ័ត្រ រវាងក្រុមជម្រើសជាតិថៃ និង ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។

ហេតុការណ៍កើតឡើងយប់មិញនេះ បង្កឡើងដោយខាងកីឡាករថៃ បានប្រើហិង្សាទៅខាងឥណ្ឌូនេស៊ីមួយប្រាវ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងនាទីថែមចុងក្រោយ ។ ក្រោយការប្រកួតចប់ភ្លាម ដោយសារខឹងចិត្ត ទទួលបានលេខ២ គឺបានត្រឹមមេដាយប្រាក់នោះ មានកីឡាករថៃម្នាក់ ក៏បានយកមេដាយនិងតុក្កតា តំណាងឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម គប់ទៅលើទស្សនជន កំពុងទស្សនាផងដែរ ។

តាមរយៈសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ថៃ បង្ហោះក្នុងផេកនារសៀលថ្ងៃ១៧ ឧសភានេះ បានឲ្យដឹងថា “យើងសុំទោសទៅកាន់ទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក នូវឧបទ្ទវហេតុនេះ” ។

សហព័ន្ធបាល់ទាត់ថៃគូសបញ្ជាក់ថា ខ្លួននឹងបង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេត អ្នកពាក់ព័ន្ធទាំងអស់ដើម្បីស្វែងរកការពិតជាបន្ទាន់ ហើយក៏នឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះបុគ្គលិក ដែលបានបង្កឲ្យមានការខូចខាត ក្នុងឧបទ្ទវហេតុនេះ។

សូមបញ្ជាក់ថា ការប្រកួតបាត់ទាត់ រវាងជម្រើសជាតិឥណ្ឌូនេស៊ី និងជម្រើសជាតិថៃ ក្រោមអាយុ២២ឆ្នាំបានបញ្ចប់ទៅក្នុងលទ្ធផល៥-២ ដោយឥណ្ឌូនេស៊ីបានក្លាយ ជាម្ចាស់មេដាយមាស ក្រោយខកខានអស់រយៈពេល៣២ឆ្នាំ ៕

To Top