SEA GAME

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត អត្តពលិកពិការភាព ប្រឹងប្រែង ក្នុងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម តាមជំនាញវិជ្ជាជីវៈ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្ត ដល់អត្តពលិកពិការភាពទាំងអស់ ប្រឹងប្រែងនៅក្នុងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម ទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះ ជាមួយដៃគូប្រកួត។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបណ្តាញសារព័ត៌មាន ក្នុងស្រុកទាំងអស់ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានផុសផុល ដូចព្រឹត្តិការណ៍ស៊ីហ្គេមដែរ ។

សម្ដេចតេជោ បានបញ្ជាក់ថា «លើកទឹកចិត្តដល់អត្តពលិកពិការភាពទាំងអស់ ប្រឹងប្រែងនៅក្នុងការប្រកួត ទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយមានការ អត់ឱនឱ្យគ្នា ដើម្បីអាចក្លាយជាមិត្តភក្ដិគ្នា នៅថ្ងៃក្រោយ»។

សម្តេចតេជោ បានផ្ដាំផ្ញើដល់អត្តពលិកប្រកួត ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ត្រូវចងចាំថា ខ្លួនប្រកួតតំណាងឱ្យប្រជាជន១៧ លាននាក់នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខខណ្ឌនៃការប្រកួត។

សូមរំលឹកថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីលើអ្វីដែលជាភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា បានត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២៕

To Top