កីឡា

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ពានរង្វាន់ ដល់ក្រុមកីឡាបាល់ទាត់ទទួលជ័យលាភី វីអាយអិនឌី សន្តិភាព ឆ្នាំ២០២១

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាបាល់ទាត់ វីអាយអិនឌី សន្តិភាព នៅក្នុងស្រុកស្ទឹងត្រង់ បន្ទាប់ពីបានដំណើរការប្រកួត អស់រយៈពេល ៥ថ្ងៃ ។

ស្ថិតក្នុងពិធីសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាបាល់ទាត់បែបមិត្តភាព សន្តិភាពគឺសំដៅស្វែងរក ក្រុម ឬកីឡាករ បើអាចលេងកីឡាបានល្អ ដើម្បីជ្រើសរើសយកទៅប្រកួត ក្នុងកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង នឹងក្លាយជាម្ចាស់ផ្ទះ នៅការរៀបចំប្រកួតកីឡាអូឡាំពិក នាឆ្នាំ ២០២៣ ខាងមុខនេះ ។ ដូច្នេះហើយដើម្បីជាការត្រៀមលក្ខណៈប្រកួត យើងត្រូវស្វែងរក ក្រុមកីឡាករគ្រប់ប្រភេទដែលជាយុវជន ដែលមានទេពកោសល្យ និងសមត្ថភាព ដែលអាចលេងបានល្អ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ការប្រកួតកីឡាបាល់ទាត់ វីអាយអិនឌី សន្តិភាព ឆ្នាំ២០២១នេះ មានកីឡាករ មកពីបណ្ដាលខេត្តផ្សេងៗ ចំនួន១៦ ក្រុម។ ហើយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមកីឡាករនីមួយៗ រយៈពេល ៥ ថ្ងៃមកនេះ ជាលទ្ធផល ក្រុមដែលបានជ័យលាភីលេខ ១ ធ្លាក់ទៅលើ ក្រុមកីឡាអធិរាជ ស កំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានទទួលប្រាក់ឧបត្ថម្ភ ចំនួន ២០លានរៀល . លេខ ២ បានទៅលើក្រុម ព្រាប ស ពាមជីលាំង ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បានទទួលប្រាក់ឧបត្ថម្ភចំនួន ១២ លានរៀល . និងចំណាត់ថ្នាក់លេខ ៣ បានទៅលើ ក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ចាម បានទទួលប្រាក់ឧបត្ថម្ភចំនួន ៦លានរៀល ចំណែកចំណាត់ថ្នាក់លេខ ៤ បានទៅលើ ក្រុមពពកខៀវ ភូមិសោយ ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ២ លានរៀលផងដែរ ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ សូមឱ្យមានការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឈានទៅ ចូលរួមកម្មវិធីប្រកួតកីឡាផ្សេងៗ នាពេលខាងមុខទៀត ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់ការរៀបចំ ការប្រកួតកីឡាបាល់ទាត់នាពេលនេះ គឺរៀបចំឡើងដោយគណៈកម្មការខេត្ត សហការជាមួយ ក្រុមហ៊ុនអភិវឌ្ឍន វីអាយអិនឌី ក្នុងគោលបំណងចូលរួមអបអរសាទរ នៃការរំលឹកខួបលើកទី៤៣ ឆ្នាំ២០២២ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ម្យ៉ាងទៀតគឺ បង្ករលក្ខណៈ ឱ្យប្រជាពលរដ្ឋ បានសប្បាយរីករាយផងដែរ ក្នុងឱកាសដែលប្រទេសកម្ពុជាយើង បានធូរស្រាល ពីជម្ងឺកូវីដ១៩ ៕

To Top