កីឡា

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម រៀបចំការប្រកួតកីឡា ដើម្បីអបអរថ្ងៃប្រកាស ខេត្តកំពង់ចាម ជាខេត្តអស់មីន

កំពង់ចាម ៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) បានរៀបចំការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់គ្មានគ្រាប់មីន ដែលការប្រកួតនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ក្នុងគោលបំណងអបអរ ថ្ងៃប្រកាសខេត្តកំពង់ចាម ជាខេត្តអស់មីន ក្រោមការឧបត្ថម្ភរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ម.ស.ម.ក (CMAC) ។

លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រីហេងសំរិន និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៣ នេះ គឺខេត្តកំពង់ចាមត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានសហការជាមួយ មជ្ឈមណ្ឌលកម្ចាត់មីន ស៊ីម៉ាក់ ដោយបានការផ្ដួចផ្ដើមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានបង្កើតមានរង្វាន់មួយមានឈ្មោះថា «ពានរង្វាន់បាល់ទាត់គ្មានមីន» ។

លោក មួន វាសនា បានបញ្ជាក់ទៀតថា ការប្រកួតនេះគឺដើម្បីអបអរសាទរ ការប្រកាសគ្មានមីននៅក្នុងខេត្តកំពង់ចាម ដែលជាការប្រកួតមិត្តភាព រវាងក្រុមកីឡាបាល់ទាត់នៃសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម និង និងក្រុមកីឡានៃវិទ្យាល័យព្រះសីហនុ ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ថា សម្រាប់ខេត្តកំពង់ចាម អង្គភាពស៊ីម៉ាក់បានពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្ស ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ និងបានបញ្ចប់ជាស្ថាពរ នៅចុងខែវិច្ឆិកាឆ្នាំ ២០២២កន្លងទៅនេះ ។ ជាលទ្ធផលអង្គភាព បានបោសសម្អាតគ្រាប់មីន ទាំងនៅក្នុងតំបន់រង ផលប៉ះពាល់ដែលនៅសល់ និងបានកំណត់ត្រានៅក្នុងប្រព័ន្ធទិន្នន័យជាតិ ក្នុងខេត្តកំពង់ចាម ចំនួន ១១ ចំការមីន មានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា ។ គ្រប់រកឃើញ និងកម្ទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ៣៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣២គ្រាប់ ។ លទ្ធផលនៃប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយ នៅកិច្ចប្រតិបត្តិការ ដែលត្រូវបិទបញ្ចប់តំបន់ មានបញ្ហាគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំង មនុស្សនៅក្នុងខេត្តកំពង់ចាមទាំងស្រុង ៕

To Top