ក្រូអាត ឈ្នះ ប៉ាណាម៉ា ១-០ ទាំងប្រផិតប្រផើយ រក្សាដង្ហើមក្នុង World Cup 2026
ក្រុមជម្រើសជាតិក្រូអាត បានរកឃើញពិន្ទុដ៏មានតម្លៃបំផុតជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះលើក្រុមតស៊ូប៉ាណាម៉ា ក្នុងលទ្ធផល ១-០ យ៉ាងតានតឹងបំផុតនៅកីឡដ្ឋាន Toronto Stadium។
គ្រូបង្វឹកក្រូអាតលោក Zlatko Dalić បានធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងមុតស្រួចនៅដើមវគ្គទីពីរ ដោយដកខ្សែការពារ Joško Gvardiol និងខ្សែប្រយុទ្ធ Petar Musa ចេញ ហើយដាក់ តំបន់ប្រយុទ្ធថ្មីចូល ដែលជាចំណុចរបត់ ធ្វើឱ្យក្រូអាតទទួលបាន ៣ ពិន្ទុត្រឡប់ទៅផ្ទះវិញ។

រាត្រីប្រវត្តិសាស្ត្ររបស់ Modrić វីរៈបុរសខ្សែបម្រើ Luka Modrić បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយការឈានជើង ចូលទីលានប្រកួតនេះជាលើកទី ២០០ ឱ្យក្រុមជម្រើសជាតិក្រូអាត។
នាទីទី ២៣ ប៉ាណាម៉ាស្ទើរតែនាំមុខ ខ្សែប្រយុទ្ធ José Luis Rodríguez របស់ប៉ាណាម៉ា បានហក់តែតបាល់យ៉ាង ពេញទំហឹងពីការបញ្ជូនរបស់ Amir Murillo ប៉ុន្តែត្រូវបានអ្នកចាំទីដៃស្អិត Dominik Livaković ហក់ទៅចុងម្រាមដៃរុញបាល់បុករបារទីផ្ដាច់ ចេញទៅក្រៅយ៉ាងមិនគួរឱ្យជឿ។
នាទីទី ៥៤ គ្រាប់បាល់ជ័យជម្នះ យុទ្ធសាស្ត្រប្ដូរកីឡាករបានផលភ្លាមៗ ខ្សែការពារ Josip Stanišić បានបើកបាល់ទាបកាត់ចូលប្រអប់គ្រោះថ្នាក់យ៉ាងស្អាត ហើយកីឡាករបម្រុង Ante Budimir ដែលទើបតែប្ដូរចូលបាន ៩ នាទី បានរត់មកឆ្កឹះបាល់ចូលទីយ៉ាងលឿន។

នាទីទី ៥៧ ក្រូអាតស្ទើរតែបានគ្រាប់ទីពីរទៅហើយ ក្រោយ Luka Modrić ដឹកនាំការវាយបកលឿន រួចបញ្ជូនទៅឱ្យ Pašalić ស៊ុត ប៉ុន្តែត្រូវអ្នកចាំទី Orlando Mosquera សង្គ្រោះបាន រួចបាល់ផ្លាតមក Pašalić ដដែលតែស៊ុតខុសគោលដៅទាំងទីលានទំនេរ។
លទ្ធផលនេះបានធ្វើឱ្យប៉ាណាម៉ា ត្រូវហាលអាវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2026 នេះជាផ្លូវការ បន្ទាប់ពីរងបរាជ័យ ១-០ ពីរប្រកួតជាប់ៗគ្នា។ ចំណែកឯក្រូអាត ឡើងមកឈរលេខ ៣ ក្នុងពូល L មាន ៣ ពិន្ទុ និងត្រូវប្រជែងកៅអីវគ្គ ៣២ ក្រុមចុងក្រោយយ៉ាងស្វិតស្វាញជាមួយហ្គាណាក្នុងប្រកួតបន្ទាប់។
