កីឡា

សេនេហ្គាល់ បង្ហាញភាពខ្លាំងស៊ីដាច់អ៊ីរ៉ាក់ ៥-០ កក់កៅអីចាំអ៊ុតឡើងទៅវគ្គបន្ត World Cup 2026

នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយក្នុងពូល I នៃពានរង្វាន់ FIFA World Cup 2026 ក្រុមជម្រើសជាតិសេនេហ្គាល់ បានបង្កើតការប្រកួតដ៏អស្ចារ្យមួយដោយបានលត់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ នៅកីឡដ្ឋាន Toronto Stadium ប្រទេសកាណាដា។

ជ័យជម្នះដ៏ធំធេងនេះ បានធ្វើឱ្យសេនេហ្គាល់ ក្លាយជាក្រុមដំបូងគេបង្អស់មកពីទ្វីបអាហ្វ្រិក ដែលអាចរកបានដល់ទៅ ៥ គ្រាប់ ក្នុងការប្រកួត World Cup ។

​សេនេហ្គាល់ បានបើកការនាំមុខយ៉ាងលឿនតាំងពីនាទីទី ៤ ដោយការទាត់បញ្ចូលទីរបស់ Habib Diarra។ ស្ថានការណ៍កាន់តែលំបាកសម្រាប់អ៊ីរ៉ាក់ បន្ទាប់ពីខ្សែការពារ Rebin Sulaka ត្រូវទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី ១៣ ក្រោយពេលបង្កកំហុសលើ Sadio Mané ដែលជាឱកាសអាចរកគ្រាប់បាល់បានច្បាស់លាស់។

ចូលមកដល់វគ្គទីពីរ សេនេហ្គាល់បានបន្ថែម ៤ គ្រាប់ទៀត ដោយ Ismaïla Sarr នាទី ៥៦ គ្រាប់បាល់ពីរគ្រាប់ជាប់គ្នារបស់កីឡាករប្ដូរចូល Pape Gueye នាទី ៥៩ និង ៧១ និងគ្រាប់ចុងក្រោយដោយ Iliman Ndiaye នៅនាទីទី ៨២។

​សេនេហ្គាល់ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូល I មាន ៣ ពិន្ទុ ជាមួយគ្រាប់ចំណេញច្រើន ដែលធ្វើឱ្យពួកគេមានឱកាសខ្ពស់ក្នុងការអ៊ុតឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ ៣ ល្អបំផុត។

​អ៊ីរ៉ាក់ បញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង លេខ ៤ គ្មានពិន្ទុ និងត្រូវហាលអាវត្រឹមវគ្គចែកពូល។

To Top