កីឡាករជើងចាស់អាហ្សង់ទីន Lionel Messi ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិជាផ្លូវការ ក្រោយបម្រើជាតិអស់រយៈពេល ២០ឆ្នាំ
បរទេស៖ តារាបាល់ទាត់ជើងចាស់របស់ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន គឺលោក Lionel Messi បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តចូលនិវត្តន៍ពីភារកិច្ចនៅជម្រើសជាតិ បន្ទាប់ពីបានលះបង់ និងរួមដំណើរជាមួយក្រុមជម្រើសជាតិអស់រយៈពេល ២០ ឆ្នាំ។
យោងតាមការបង្ហោះនៅលើបណ្ដាញសង្គម Instargram ផ្ទាល់ខ្លួនរបស់លោក បានប្រកាសថាលោកសម្រេចចិត្តនិវត្តន៍ពីក្រុមជម្រើសជាតិ Argentina ជាផ្លូវការ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅវ័យ ៣៩ឆ្នាំ។

លើសពីនេះនៅក្នុងការបង្ហោះនោះ លោកបានបញ្ជាក់បន្ថែមថា សារនេះត្រូវបានព្រាងទុកតាំងពីថ្ងៃទី ២១ ខែកក្កដា ពោលគឺពីរថ្ងៃក្រោយការប្រកួតផ្ដាច់ព្រ័ត្រ ហើយព្រឹត្តិការណ៍គ្រួសារនាពេលថ្មីៗនេះ រឹតតែធ្វើឱ្យការសម្រេចចិត្តចាកចេញពីជម្រើសជាតិអាហ្សង់ទីន កាន់តែច្បាស់លាស់។ ទៅថ្ងៃអនាគត លោកនឹងបន្តគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងនាមជាអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់ពីខាងក្រៅទីលាន។
ក្នុងការបង្ហោះនោះដែរសារលិខិតដែលលោកបានសរសេរគឺមានអត្ថន័យ និងពោរពេញដោយអារម្មណ៍រំជួលចិត្ត ក្រោយបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកន្លងទៅថា៖
“បន្ទាប់ពីពេលវេលាកន្លងផុតទៅក្រោយការប្រកួតផ្ដាច់ព្រ័ត្រ និងក្រោយពីបានគិតគូរយ៉ាងហ្មត់ចត់ ខ្ញុំសូមជម្រាបជូនអ្នកទាំងអស់គ្នាថា ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ…
វាជាការសម្រេចចិត្តដ៏ឈឺចាប់ និងនៅតែឈឺចាប់ក្នុងចិត្តរហូតមកដល់ពេលនេះ ប៉ុន្តែខ្ញុំយល់ច្បាស់ថា នេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុត។ ខ្ញុំសូមស្បថថា ខ្ញុំតែងតែលះបង់គ្រប់បែបយ៉ាងទាំងអស់ មិនមែនទើបតែប៉ុន្មានឆ្នាំចុងក្រោយដែលយើងទទួលបានជ័យជម្នះគ្រប់យ៉ាងនោះទេ ខ្ញុំតែងតែតស៊ូ និងប្រឹងប្រែងអស់ពីលទ្ធភាពសម្រាប់អាវកីឡាមួយនេះ ដើម្បីនាំមកនូវសេចក្តីរីករាយ និងមោទនភាពជូនជនជាតិអាហ្សង់ទីនគ្រប់រូបតាមរយៈវិស័យបាល់ទាត់។
ពេលវេលានៅសល់តិចតួចណាស់ ហើយទំព័រជីវិតនីមួយៗកំពុងបិទបញ្ចប់ ដែលរឿងនេះធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំស្រឡាញ់ ធ្លាប់ស្រឡាញ់ និងនៅតែបន្តស្រឡាញ់ការលេងឱ្យក្រុមជម្រើសជាតិជានិច្ច។ ខ្ញុំបានបញ្ចេញកម្លាំងកាយចិត្តអស់ហើយ គ្មានអ្វីសេសសល់សម្រាប់ផ្ដល់ឱ្យទៀតទេ ហើយម្យ៉ាងទៀត កីឡាករវ័យក្មេងឆ្នើមៗជាច្រើនកំពុងរះឡើង ដែលពួកគេសមនឹងទទួលបានឱកាសនៅទីនេះ។
សូមអរគុណសម្រាប់ក្តីស្រឡាញ់ពេញ ២០ ឆ្នាំកន្លងមកនេះ។ ខ្ញុំនឹងនឹកការទទួលបានការគាំទ្រពីអ្នកទាំងអស់គ្នាខ្លាំងណាស់។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងក្លាយជាអ្នកគាំទ្រម្នាក់ដូចអ្នកទាំងអស់គ្នាដែរ តែងតែស្រែកហ៊ោ និងគាំទ្រពីខាងក្រៅ (ទាំងក្នុងគ្រាល្អ និងគ្រាលំបាក គឺកាន់តែខ្លាំងជាងមុន)។
អរគុណដល់ក្រុមគ្រួសាររបស់ខ្ញុំដែលតែងតែនៅក្បែរខ្ញុំ រួមដំណើរជាមួយខ្ញុំក្នុងដំណើរដ៏ស្រស់បំព្រងតែពោរពេញដោយភាពលំបាកមួយនេះ។ សូមអរគុណដល់គ្រូបង្វឹក មិត្តរួមក្រុម និងថ្នាក់ដឹកនាំគ្រប់រូបដែលខ្ញុំមានឱកាសបានរួមការងារជាមួយ។ ខ្ញុំទទួលបានការចងចាំ និងពេលវេលាដែលមិនអាចបំភ្លេចបានជាច្រើន។
ខ្ញុំចាកចេញទៅដោយភាពស្ងប់ចិត្ត និងមោទនភាពដែលបានបង្កើតពេលវេលាដ៏អស្ចារ្យដូចសុបិនរួមគ្នាជាមួយមិត្តរួមក្រុមជូនអ្នកទាំងអស់គ្នា។ វាពិតជាអស្ចារ្យណាស់ដែលបានឆ្លងកាត់រឿងរ៉ាវទាំងនេះជាមួយអ្នក។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា!
អរព្រះគុណព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំមកជាជនជាតិអាហ្សង់ទីន។
ពោះទៅមុខ អាហ្សង់ទីន!
ពាក្យពេចន៍ទាំងនេះ ខ្ញុំបានសរសេរកាលពីថ្ងៃទី ២១ ខែកក្កដា ពោលគឺពីរថ្ងៃបន្ទាប់ពីការប្រកួតផ្ដាច់ព្រ័ត្រ។ ថ្ងៃនេះ បន្ទាប់ពីរឿងរ៉ាវដែលបានកើតឡើងចំពោះឪពុករបស់ខ្ញុំ ខ្ញុំកាន់តែជឿជាក់លើការសម្រេចចិត្តនេះជាងមុនទៅទៀត។”
