ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៤ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ដែលនេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្ត ទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្នុងការរួមចំណែកដោះស្រាយ នូវទុក្ខលំបាក ការខ្វះខាតរបស់បងប្អូន ក្នុងអំឡុងពេលសម្រាលមាតុភាព។ យោងតាមរបាយការណ៍ របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូន ជាសមាជិកប.ស.ស. ចំនួន ៣៤៣ ៨៨៤នាក់ ដែលមានចំនួនកូនីសរុបចំនួន ៣៤៦ ២៥៨នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរ មានចំនួន ២៣២៦នាក់ និងកូនភ្លោះបី មានចំនួន ២៤នាក់) ។ តាមរបាយការណ៍ដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា៖ ក្នុងរយៈពេលពេញមួយឆ្នាំ គឺក្នុងឆ្នាំ២០២២ កន្លងទៅ ថវិកាសរុបប្រមាណ២២ ៤៦៩ ២០០ ០០០រៀល របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៩៣នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) មានការថយចុះជាង ១៤% បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។ គួររំលឹកឱ្យដឹងថា៖ ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករផ្ទាល់។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ៕
គ្រប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលកំពុងបម្រើការងារ នៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលពួកគាត់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ តាមរយៈការប្រកាសភាគទានកាតព្វកិច្ច មក ប.ស.ស. ស្របទៅតាមលក្ខខណ្ឌកំណត់ ដូចមានចែងក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ។លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត
(១) – សេចក្ដីជូនដំណឹងស្ដីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងវិញ្ញាសាសួរផ្ទាល់មាត់(២) – បញ្ជីរាយនាមបេក្ខជនប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គមទាញយក File PDF ទីនេះ ៖ https://t.me/nssfcambodia/3176
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្ដិសុខសង្គម បានអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាល អត្ថប្រយោជន៍ របបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូនវិស័យសំណង់ និងឡឥដ្ឋ ដើម្បីចែករំលែកនូវចំណេះដឹង អត្ថប្រយោជន៍របបសន្ដិសុខសង្គម សម្រាប់បងប្អូនដែលបម្រើការងារ ក្នុងវិស័យសំណង់ និងឡឥដ្ឋ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ និងភាពល្អប្រសើរឡើង មុនឈានដល់ការគ្របដណ្ដប់ពេញលេញ ក្នុងការផ្ដល់របបសន្ដិសុខសង្គម ជូនបងប្អូននិយោជិតទាំងអស់នៅកម្ពុជា។ ក្នុងឱកាសជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុក បូរ៉ា បានលើកឡើងថា៖ របបសន្ដិសុខសង្គមទាំងបីផ្នែក ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែល ប.ស.ស. កំពុងអនុវត្តនេះ គឺមានសារៈសំខាន់ទាំងអស់ និងមានអត្ថប្រយោជន៍ផ្សេងៗគ្នា ជាច្រើនដល់កម្មករនិយោជិត ដោយមានការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាព តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការអាក់ខាន ពីការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ និងការសម្រាកមាតុភាព ដោយមិនបារម្ភ ចំពោះការចំណាយលើថ្លៃព្យាបាល ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពឡើយ។ លោកបានឱ្យដឹងបន្តថា ចំពោះផ្នែកប្រាក់សោធន ជារបបសន្ដិសុខសង្គមថ្មី របស់ ប.ស.ស. ត្រូវចូលរួមពីវិស័យឯកជន ដើម្បីរួមចំណែក ជួយដល់បុគ្គលិកគ្រប់រូប មានការរស់នៅប្រកបដោយទំនុកចិត្ត ក្រោយពេលចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធនក្នុងពេលខាងមុខ ។ ទន្ទឹមនឹងការទទួលបានសោធនជរាភាពនេះ សមាជិក ប.ស.ស. ជាកម្មករនិយោជិត ត្រូវបំពេញលក្ខខណ្ឌចំនួន៣ ដោយបានចុះបញ្ជីក្នុងផ្នែកសោធនមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងបានបង់ភាគទាន ផ្នែកប្រាក់សោធនយ៉ាងតិច ១២ ខែ ដែលភាគទានសោធនកំណត់ ២%ជាបន្ទុកនិយោជិត និង ២%ជាបន្ទុករបស់និយោជក។ ក្នុងករណីចូលរួមបង់ភាគទាន បំពេញគ្រប់លក្ខខណ្ឌ នោះ ប.ស.ស. នឹងផ្ដល់ជូនប្រាក់សោធនជារៀងរាល់ខែ ដោយក្នុង ១ ខែ បើកបាន ២ ដងតាមរយៈកុងធនាគារផ្ទាល់ខ្លួនក្រោយសមាជិក ប.ស.ស. មានអាយុ៦០ ឆ្នាំ។ តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ បានបង្ហាញអារម្មណ៍ថា៖ លោកមានសេចក្ដីរីករាយក្រែលែងដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងជំរុញឱ្យមានរបបសន្ដិសុខសង្គម ទាំង៣ផ្នែកនេះ ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ នឹងបន្ដជួយជំរុញបន្ថែម ដល់ម្ចាស់សិប្បកម្មឡឥដ្ឋ ក៏ដូចជាម្ចាស់ការដ្ឋាន ឬម្ចាស់ក្រុមហ៊ុនសំណង់ ធ្វើយ៉ាងណាត្រូវមាន ប.ស.ស. ជូនកម្មករគ្រប់ៗគ្នា ដើម្បីជួយគាត់នៅពេលមានជំងឺ ឬយថាហេតុកើតឡើងនានាមួយទៀតនៅពេលដែលពួកគាត់ចាស់ទៅ គាត់នឹងអាចទទួលបាននូវប្រាក់សោធននិវត្តន៍សម្រាប់គាត់។ លោកបន្ដថា ការចូលរួមក្នុងភាគទានប្រាក់សោធននេះ គឺជាបដិភាគទៅវិញទៅមកជាមួយគ្នា ដោយមានការលះបង់រវាងភាគីកម្មករនិងភាគីថៅកែ ព្រោះទៅមុខទៅរបបនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្មករ ហើយចំពោះភាគទាន ២% សម្រាប់ប្រាក់សោធននេះគឺលទ្ធភាពមួយដែលកម្មករអាចចូលរួមបង់ដែរ ហើយណាមួយទៀតសោតគឺកាត់ទៅតាមសមាមាត្រប្រាក់ឈ្នួលរបស់គាត់ បើច្រើនគឺកាត់ច្រើន បើតិចគឺកាត់តិចទៅតាមនឹងផងដែរ។ អ្នកស្រីបម្រើការងារ ក្នុងឡឥដ្ឋឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ អ្នកស្រីបានបង្ហាញអារម្មណ៍ថា៖ នៅពេលដែល មាន ប.ស.ស. លោកស្រីមានអារម្មណ៍សប្បាយរីករាយ ដោយ ប.ស.ស. អាចជួយលោកស្រីបាននៅពេលដែលឈឺទៅពេទ្យពុំអស់លុយដើម្បីព្យាបាល ហើយជាពិសេសទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀតផងដែរ លោកស្រីនឹងបន្ដផ្សព្វផ្សាយដល់អ្នកធ្វើការអ្នកស្រីបានដឹងគ្រប់ៗគ្នា។ ជុំវិញករណីនេះ លោក សុក បូរ៉ា បានបញ្ជាក់ថាៈ ប.ស.ស. នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធសហជីពដែលពាក់ព័ន្ធលើការងារនេះ ធ្វើយ៉ាងណាគ្របដណ្ដប់ជូនបងប្អូនកម្មករវិស័យសំណង់ និងឡឥដ្ឋនេះ ឱ្យបានរបបសន្ដិសុខសង្គមពេញលេញគ្រប់ៗគ្នា ដោយពុំទុកនរណាម្នាក់ចោលឡើយ។ សូមបញ្ជាក់ថាៈ វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងដោយ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ក្រោមជំនួយរបស់អង្គការអាហ្វីដា នៅអគារឌីខេមីតធីងសេនធើ ដោយមានការចូលរួមពីបងប្អូនបម្រើការងារនៅក្នុវិស័យសំណង់ និងឡឥដ្ឋប្រមាណជា ៤០នាក់៕
ភ្នំពេញ៖ ក្រោមការប្រគល់សិទ្ធិ ពីប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្ត្រាចារ្យរង នី ចន្ទី ជាប្រធានការិយាល័យបច្ចេកទេស ក្នុងបទសម្ភាសន៍ផ្ទាល់ ជាមួយក្រុមការងារព័ត៌មាន នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីពេលថ្មីៗនេះ លោកបានលើកឡើងថា៖ គិតក្នុងឆ្នាំ២០២២ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានទទួលពិនិត្យ និងព្យាបាលជំងឺជូនសមាជិក ប.ស.ស. សរុបប្រមាណជាង ១.៧ម៉ឺននាក់...
ភ្នំពេញ៖ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ បន្ទាប់ពីប្រជុំត្រួតពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. រួចរាល់កន្លងមក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី១៦ អាណត្តិទី១ បានលើកយកមកពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យមួយនេះ កាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា៖ ការពង្រីកវិសាលភាពទៅលើរបបសន្តិសុខសង្គមទាំងពីរ ផ្នែកសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ តាមរយៈសេចក្តីព្រាងអនុក្រឹត្យមួយនេះ ជាការបំពេញបន្ថែម លើចំណុចខ្វះខាត ដែលមានចែងនៅក្នុងច្បាប់ ស្ដីពីរបបសន្ដិសុខសង្គម ដែលការពង្រីកវិសាលភាពនេះ មានសារៈសំខាន់ ក្នុងការផ្ដល់នូវការគាំពារ របបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស. ដល់មន្រ្តីនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់និន្នាការនយោបាយ ដោយគ្មានការរើសអើងឡើយ ជាពិសេសនោះ គឺក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្ដីភូមិ ដែលជាអ្នកផ្ដល់សេវា ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានដាក់សំណើដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ពិនិត្យ និងពិភាក្សា លើវិសាលភាពនៃសេចក្ដីព្រាង អនុក្រឹត្យនេះ និងបានរួមមតិសម្រេចអនុម័ត លើការពង្រីកវិសាលភាព ក្នុងការអនុវត្តចំពោះបុគ្គល ដែលស្ថិតនៅក្នុងវិស័យសាធារណៈ ដែលមានជាអាទិ៍៖ ១). មន្ត្រីកម្រិតនយោបាយ ឬទីប្រឹក្សា ឬជំនួយការ ដែលមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ហើយមានតួនាទីឬឋានៈ ស្មើអនុរដ្ឋលេខាធិការឡើង ។ ២). ទីប្រឹក្សា ឬជំនួយការដែលមានឋានៈ ចាប់ពីអគ្គនាយកចុះ ដែលទទួលស្គាល់ ដោយក្រសួងមុខងារសាធារណៈ និងមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ ៣). សិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល (៤). សិស្សសាលាភូមិន្ទចៅក្រម សិស្សសាលាភូមិន្ទក្រឡាបញ្ជី (៥).គរុនិស្សិត គរុសិស្សកំពុងទទួលការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។ ៦). មន្រ្តីសង្ឃដូចមានចែង ក្នុងអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ៧). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ។ដោយឡែកចំពោះទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំង ដោយពុំទទួលប្រាក់បំណាច់មុខងារ មិនស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យនេះឡើយ។ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលយ៉ាងយកចិត្តទុកដាក់ ពេញមួយព្រឹកកន្លងមកនេះ លោកបណ្ឌិតរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានសម្រេចឯកភាពអនុម័តទាំងស្រុង លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាព របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលមាន៤ជំពូក៧មាត្រា និងរៀបចំដាក់ឆ្លងជូន ប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី១៦ អាណត្តិទី១ នៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ខាងលើប្រព្រឹត្តិទៅនៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ៩រូប និងសមាជិក សមាជិកាជាច្រើនរូប៕
(១). ពិតមែនហើយ! ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ (២). ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ថៅកែ ឬម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើ ក្នុងផ្ទះមកស្នើសុំប័ណ្ណសមាជិក ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស.។...
កំពត៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញការគាំទ្រយ៉ាងយកចិត្តទុកដាក់ពេញទំហឹង ពីសំណាក់ លោក អ៊ុក សមវិទ្យាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦ ខែធ្នូឆ្នាំ២០២២នេះ បងប្អូនដែលជាសមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងារ រហូតដល់ធ្លាក់ខ្លួនពិការជាច្រើនរូប បានចូលរួមកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ក្នុងដំណើរកំសាន្ត ឆ្ពោះទៅកាន់ខេត្តកំពត និងឆ្នេរសមុទ្រកែប ដែលនេះជាឱកាសដ៏ពិសេសមួយសម្រាប់ឱ្យក្រុមការងារ ប.ស.ស. ក្នុងការបង្ហាញសកម្មភាពយ៉ាងស្អិតរមួត ជាមួយបងប្អូនជនពិការ ដែលជាសមាជិកប.ស.ស. ព្រមទាំងបង្កើតអនុស្សាវរីយ៍នានា ក្នុងការពិសារម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាត របស់កម្ពុជាផងដែរ។ ពាំនាំអនុសាសន៍ លោកប្រតិភូរាជរដ្ឋាភិបាល លោកស្រី ភឿន មិនា ប្រធានការិយាល័យ ផ្តល់សេវាសង្គម នៃនាយកដ្ឋានស្តារនីតិសម្បទា បានឱ្យដឹងថា៖ កម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ខាងលើនេះ រៀបចំឡេីងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្ត នឹងបន្តប្ដេជ្ញាយកចិត្តទុកដាក់ខ្ពស់ដល់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់ បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាពបង្កឱ្យមាន អារម្មណ៍បាក់ស្បាត ព្រមទាំងបាក់ទឹកចិត្តមិនអាចទទួលយក ស្ថានភាពពិការរបស់ខ្លួន ឱ្យអារម្មណ៍រីករាយ ស្រស់ស្រាយ ជាពិសេសលើកទឹកចិត្ត កុំឱ្យមានអារម្មណ៍អៀនខ្មាស់ ចំពោះពិការភាពរបស់ខ្លួន និងលើកទឹកចិត្តឱ្យបងប្អូន ជនរួមជាតិយើងទាំងអស់រួមគ្នា បន្តលើកស្ទួយសុខុមាលភាពរបស់ខ្លួន ឱ្យកាន់តែប្រសើឡើង ព្រមទាំងកាន់តែស្រឡាញ់ខ្លួនឯងទ្វេឡើង តាមរយៈការវិលត្រឡប់ចូល ក្នុងសហគមន៍របស់យើងវិញ។ តាមរយៈកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. នាពេលនេះ បងប្អូនសមាជិក ប.ស.ស. ដែលជាជនពិការភាព បានបង្ហាញ ពីអារម្មណ៍ពេញចិត្តរបស់ខ្លួន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះជនពិការ ក៏ដូចជាថ្នាក់ដឹកនាំប.ស.ស. បានរៀបចំដំណើរកំសាន្ដនាឱកាសនេះ ដែលបានផ្ដល់នូវការលើកកម្ពស់សិទ្ធិ និងសេរីភាព សុខុមាលភាពជនពិការព្រមទាំងផ្តល់នូវការគាំទ្រដោយគ្មានការរើសអើង ហើយក៏អាចធ្វើឱ្យជនពិការដូចជាពួកគាត់មានភាពក្លាហាន និងប្រឈមនឹងបច្ចុប្បន្នភាព ព្រមទាំងយល់ដឹង អំពីគុណតម្លៃរបស់ជនពិការ និងអំពីខ្លួនផ្ទាល់។ យោងតាមទិន្នន័យ របស់នាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ចាប់ផ្ដើមពីពេលអនុវត្តរបបសន្ដិសុខសង្គមតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិក ដែលបានរងគ្រោះថ្នាក់ការងារ រហូតធ្លាក់ខ្លួនជាជនពិការ និងកំពុងទទួលបានសេវា ស្តារនីតិសម្បទា រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងទៀតពី ប.ស.ស. សរុបចំនួន ២១៨៩នាក់។ តាមរយៈបទពិសោធន៍ នៃកម្មវិធីសមាហរណកម្មសង្គម របស់ខ្លួន និងភាពពេញចិត្ត ពីសមាជិក ប.ស.ស. ជាជនពិការ ក្នុងដំណើរកំសាន្ដនេះ ថ្នាក់ដឹកនាំនាយកដ្ឋានស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា៖ ប.ស.ស. និងរៀបចំគម្រោងនេះ ជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់ ជនដែលពិការភាព៕
ឡាវ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៩ (The 39th ASSA Board Meeting) លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា...