បច្ចេកវិទ្យា

រថយន្តដើរដោយថាមពលអគ្គិសនី​ រួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន​ ក្នុងបរិយាកាស (Video)

ភ្នំពេញ​ ៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ បានបង្ហាញចំណាប់អារម្មណ៍ថា រថយន្តដើរដោយថាមពលអគ្គិសនីដើរតួនាទីយ៉ាងសំខាន់​ ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន​ ទៅក្នុងបរិយាកាសដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ក្នុងកម្មវិធីក្រោមប្រធានបទ​ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles le Royal នាថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ លោក​ ស៊ុន​ ចាន់ថុ​ល​ បានថ្លែងថា​ «រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាង សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការជជែកពិភាក្សាអំពីរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាថា រថយន្តប្រភេទនេះ មានលក់នៅកម្ពុជាសម្រាប់ជាមធ្យោបាយធ្វើដំណើរសម្រាប់ពលរដ្ឋកម្ពុជាហើយ»។

លោក បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោល នយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) និងបានបន្ថែមថាយើងត្រូវ ធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានា ថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

ជាមួយគ្នានោះផងដែរ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការសិក្សាបឋមបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាមានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើនដែលជាប្រភពថាមពលកកើតឡើងវិញប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ។

ដោយឡែក លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ ប្រចាំកម្ពុជា បានបញ្ជាក់ថាការប្រើប្រាស់រថយន្តដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ជួយឱ្យ បរិស្ថានស្អាត បៃតង និងប្រកបដោយបច្ចេកវិទ្យាទំនើបផងដែរ ហើយប្រសិនបើយើងចង់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាបាននូវស្ថិរភាពអាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយ យើងចាំបាច់ត្រូវដោះស្រាយការបំភាយឧស្ម័នកាបូនចេញពីការដឹកជញ្ជូន។

ជាមួយគ្នានោះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានលេីកឡេីងថា ជាមួយនឹងគោលនយោបាយវៃឆ្លាត និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេលខាងមុខនឹង ឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% ដូច្នេះយើងឋិតក្នុងស្ថានភាពល្អ។

សូមបញ្ជាក់ថា​ រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានា​ ដូចជា៖ ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top