បច្ចេកវិទ្យា

ក្រសួងមហាផ្ទៃ ណែនាំពលរដ្ឋប្រុងប្រយ័ត្ន ចំពោះអាជីវកម្មអនឡាញ ក្លែងក្លាយ

ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះអាជីវកម្មអនឡាញ ក្លែងក្លាយ ដោយធ្វើការត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញ ឱ្យបានច្បាស់លាស់។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ សីហា នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឱ្យដឹងថា មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ និងពាក្យបណ្តឹងពីជនរងគ្រោះដែលត្រូវបានក្រុមជនខិលខូច បានក្លែងបន្លំអត្តសញ្ញាណបុគ្គលជាម្ចាស់អាជីវកម្មតាមអនឡាញនៅលើបណ្តាញសង្គម ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ តាមដំណាក់កាលដូចមានភ្ជាប់ក្នុងរូបភាព។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា បានក្រើនរំលឹកប្រជាពលរដ្ឋ និងសាធារណជនសារជាថ្មីម្តងទៀត ដូចជា៖

១. សូមត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការបញ្ជារទិញ
២. សូមកុំទូទាត់ប្រាក់ជាមុន ប្រសិនបើលោកអ្នកមិនទាន់ទទួលបានទំនិញ។

៣. សូមអញ្ជើញមកដាក់ពាក្យបណ្តឹង ឬរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា។

៤. សូមចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា តាមរយៈធ្វើសេចក្តីរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកជួបប្រទះ និងសង្កេតឃើញជនសង្ស័យនៅតាមបណ្តាញសង្គមនានា៕

To Top