តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួននឹងធ្វើការវិនិយោគបន្ថែមចំនួនជាង ១,៣ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន United States Steel Corp. នៅក្នុងការដេញថ្លៃជាក់ស្តែងមួយ ដើម្បីជួយឈានដល់ការគ្រោងទុករបស់ខ្លួននូវការទិញយកក្រុមហ៊ុនផលិតដែកថែបអាមេរិកដ៏ល្បីល្បាញមួយនេះ។
ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលមានការប្រឆាំងទៅនឹងកិច្ចព្រមព្រៀងពី United Steelworkers ដែលជាសហជីពការងារដ៏សំខាន់មួយ។ ក្រុមហ៊ុនជប៉ុនបានឲ្យដឹងថា ការវិនិយោគចុងក្រោយបំផុត ដែលមានបំណងសម្រាប់រោងចក្រដែកថែបរបស់សហរដ្ឋអាមេរិកចំនួនពីរនឹងបន្ថែមទៅលើ ១,៤ ពាន់លានដុល្លារ ក្នុងនោះ Nippon Steel ដែលបានសន្យារួចហើយថា នឹងវិនិយោគនៅក្នុងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Nippon Steel នឹងវិនិយោគយ៉ាងហោចណាស់ ១ពាន់លាន នៅក្នុង Mon Valley Works ក្នុងរដ្ឋ Pennsylvania ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់រោងចក្រនេះ ដោយធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខារ សម្រាប់ផលិតដែកថ្នាក់ទីខ្ពស់សម្រាប់រថយន្ត និងបង្កើតការងារបន្ថែមទៀត។
ទឹកប្រាក់ចំនួន ៣០០លានដុល្លារ ដែលនៅសេសសល់នឹងត្រូវចំណាយលើ Gary Works ក្នុងរដ្ឋ Indiana ដើម្បីកែលម្អឡដុតរបស់វា ដោយពង្រីកអាយុកាលប្រតិបត្តិការរបស់រោងចក្រនេះរហូតដល់ ២០ឆ្នាំ។
លោក Takahiro Mori អនុប្រធានក្រុមហ៊ុន Nippon Steel បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងស្វែងរកការផ្តល់នូវផលិតផលដែកថែប ដែលផលិតពីអាមេរិកគុណភាពខ្ពស់បំផុតដល់អតិថិជនអាមេរិក ដែលត្រូវបានជំរុញដោយកម្មករអាមេរិក ខណៈពេលដែលធានាបាននូវការផ្គត់ផ្គង់ដែកថែបរបស់អាមេរិក សម្រាប់អនាគត” ។
ក្រុមហ៊ុន Nippon Steel បានប្រកាសពីផែនការទិញយកក្រុមហ៊ុនដែកថែបអាមេរិកតម្លៃ ១៤,១ពាន់លានដុល្លារ កាលពីខែធ្នូឆ្នាំមុន ខណៈដែលខ្លួនកំពុងស្វែងរកការពង្រីកប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដែលតម្រូវការដែកថែបត្រូវបានគេរំពឹងថានឹងកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា