ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា ឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងងើបឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំពឹងទុកថា នៅឆ្នាំ២០២១ខាងមុខនេះ កំណើនសេដ្ឋ កិច្ចរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញ ទោះបីឆ្នាំ២០២០នេះ សេដ្ឋកិច្ចមានការធ្លាក់ចុះ ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។

ក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សរុបចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទោះបីឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាអវិជ្ជមានដោយសារកូវីដ-១៩ ប៉ុន្តែទំហំនាំចេញកម្ពុជាកើនឡើង ១៨% ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំគិតថានៅឆ្នាំ២០២១ នឹងមានសន្ទុះឡើងវិញ (កំណើនសេដ្ឋកិច្ច) ឆ្នាំនេះបើជា ចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង ៤ ៥០០លាន ដុល្លាររួចស្រេចទៅហើយ ក្នុងនោះ ចំណូលបានមកពីពន្ធដារប្រមាណ ២ ៥០០លានដុល្លារ ចំណែកបានមកពីគយបាន ប្រមាណ២ ១០០លានដុល្លារ»។

សម្ដេចតេជោ បន្ដថា «អីចឹងវាអាចទៅគៀកនឹង ៥ ០០០លានដុល្លារ នៅក្នុងឆ្នាំនេះ ឯសាច់ប្រាក់ដែលយើងសន្សំ បានយកទៅចំណាយក្នុងចំនួនតិចតួច ឥឡូវបន្តឲ្យយើងនៅសល់ក្នុងដៃ ប្រមាណ៣ពាន់លានដុល្លារ»៕

To Top