សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha នៅថ្ងៃពុធបានជំរុញឱ្យ ប្រជាជាតិអាស៊ីកណ្តាល បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ដើម្បីទទួលបានសន្តិភាព នៅលើឧបទ្វីបកូរ៉េ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Kang Kyung-wha បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការ អាស៊ីកណ្តាល-កូរ៉េ លើកទី ១៣ ដោយនិយាយថា សន្តិភាពរវាងក្រុងសេអ៊ូលនិងព្យុងយ៉ាង នឹងមានឥទ្ធិពលវិជ្ជមានទៅលើទ្វីបទាំងមូល។
លោកស្រី Kang បាននិយាយនៅក្នុងសុន្ទរកថា សំខាន់របស់លោកស្រីដូចដែល បានដកស្រង់សម្តីដោយសារព័ត៌មាន Korea Herald ថា «សន្តិភាពនិងវិបុលភាពនៅឧបទ្វីបកូរ៉េ ក៏ជាដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពរួមគ្នានៅលើ ទ្វីបអ៊ឺរ៉ាសទាំងមូលផងដែរ។ ខ្ញុំស្នើសុំការគាំទ្រនិងកិច្ចសហប្រតិបត្តិការ របស់បណ្តាប្រទេសអាស៊ីកណ្តាលបន្តទៀត»។
លោកស្រីបានបន្ថែមទៀតថា ទោះបីជាកិច្ចពិភាក្សារវាងកូរ៉េទាំងពីរ និងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានជាប់គាំងក៏ដោយ ក៏ការរីកចម្រើនដែលបានធ្វើរួចហើយ មិនគួរត្រូវបានគេបន្ទាបនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា