ព័ត៌មានជាតិ

លោក កឹម សុខា អំពាវនាវដល់ខ្មែរគ្រប់ និន្នាការនយោបាយ ឱ្យចូលរួមលើកស្ទួយ និងគោរពសិទ្ធិមនុស្ស

ភ្នំពេញ៖ សម្រាប់ថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់ខ្មែរ គ្រប់និន្នាការនយោបាយទាំងអស់ ជាពិសេសអ្នកដែលមានឥទ្ធិពល មានអំណាច សូមចូលរួមលើកស្ទួយ និងគោរពសិទ្ធិមនុស្ស ។

លោក កឹម សុខា បានសរសេលើបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១០ធ្នូ ឆ្នាំ២០២០ថា អបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ (១៩៤៨-២០២០)។ លោកថា «សិទ្ធិមនុស្ស ជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលមានពីកំណើត គឺជាគុណតម្លៃសកល»។ យោងតាមស្មារតីនៃ «សេចក្តីថ្លែងការណ៍ ជាសកល ស្តីពីសិទ្ធិមនុស្ស» របស់អង្គការសហប្រជាជាតិ «បញ្ហាសិទ្ធិមនុស្សជាបញ្ហាសកល» ហើយការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស មិនចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬ ការរំលោភលើអធិបតេយ្យភាពនោះទេ។

លោកបានបញ្ជាក់ថា “អស់រយៈពេលជិត ៣០ឆ្នាំមកនេះ ខ្ញុំបានចូលរួមផ្តួចផ្តើមសកម្មភាពនានា និង ដឹកនាំស្ថាប័នសិទ្ធិមនុស្សមួយចំនួន ដើម្បីលើកកម្ពស់ការ គោរពសិទ្ធិមនុស្សនៅកម្ពុជា ព្រោះខ្ញុំយល់ឃើញថា កម្ពុជាអាចមានសន្តិភាព និង ការបង្រួបបង្រួមជាតិពិតប្រាកដបាន លុះត្រាតែប្រជាពលរដ្ឋខ្មែរ គ្រប់រូបទទួលបាននូវការ គោរពសិទ្ធិរបស់ពួកគាត់។ សិទ្ធិមនុស្ស គឺជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលគ្រប់គ្នាត្រូវការជាចាំបាច់ ដែលមិនអាចយកអ្វីមកជំនួសបានឡើយ”។

អតីតមេបក្សប្រឆាំងក៏បានលើកឡើងថា ដើម្បីធានាឲ្យមនុស្សគ្រប់រូបក្នុងសង្គមមួយ ទទួលបាននូវផលប្រយោជន៍ និងសិទ្ធិមូលដ្ឋាន ពួកគេត្រូវការជាចាំបាច់ឲ្យមានការធានា និងគោរពនូវ «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» ដើម្បីចូលរួមធ្វើការសម្រេច នូវជោគវាសនាអនាគតរបស់ខ្លួន និង ប្រទេសជាតិ។

លោកគូសបញ្ជាក់ថា “អាស្រ័យហេតុនេះហើយ ខ្ញុំសូមអំពាវនាវឲ្យខ្មែរ គ្រប់និន្នាការទាំងអស់ ជាពិសេសអ្នកដែលមានឥទ្ធិពល មានអំណាច សូមចូលរួមលើកស្ទួយ និងគោរពសិទ្ធិមនុស្ស ដែលក្នុងនោះរួមទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយមិនត្រូវមានការរើសអើង និងមិនត្រូវយកប្រជាពលរដ្ឋខ្មែរជាសត្រូវឡើយ។ ជាពិសេសដើម្បីឲ្យមានបរិយាកាស នយោបាយមួយដែលខ្មែរគ្រប់រូប មានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ ទៅតាមសម្បជញ្ញ:របស់ខ្លួន ដោយពុំមានការភ័យខ្លាច។ មានតែការគោរពសិទ្ធិមនុស្ស ដោយពេញលេញទេ ដែលអាចនាំមកនូវស្ថេរភាព សន្តិភាព និង អភិវឌ្ឍន៍ប្រកបដោយចីរភាពពិត ជូនប្រជាពលរដ្ឋ” ៕ ស.សំណាង

To Top