សាប៊ូវីសូពិសេស នាំយកអាវស ៥,០០០ អាវ ជូនសិស្ស ២,៥០០ នាក់នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ និងព្រះវិហារ ជាមួយក្តីសង្ឃឹមសម្រាប់អនាគត
បន្ទាយមានជ័យ៖ ស្នាមញញឹមរបស់ប្អូនៗសិស្សានុសិស្សបានក្លាយជារូបភាពដ៏មានអត្ថន័យមួយ ខណៈ វីសូពិសេស (Viso Pises) ម៉ាកផលិតផលសាប៊ូបោកគក់សម្លៀកបំពាក់របស់ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស សហការជាមួយអង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា នាំយក អាវសសិស្សចំនួន ៥,០០០ អាវ ជូនដល់សិស្សានុសិស្ស ២,៥០០ នាក់ នៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដើម្បីជួយពួកគេត្រៀមខ្លួនសម្រាប់ការសិក្សាឆ្នាំថ្មី និងបន្តដើរតាមក្តីស្រមៃដោយទំនុកចិត្ត។ កម្មវិធីត្រូវបានរៀបចំនៅខេត្តទាំងពីរនៅថ្ងៃទី១២ និង ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

កម្មវិធីនេះជាផ្នែកមួយនៃភាពជាដៃគូក្នុង “កម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ពីវីសូពិសេស” រវាង Unilever Cambodia និង World Vision International in Cambodia ដែលមានគោលបំណងពង្រឹងការត្រៀមខ្លួនចូលរៀន និងការទទួលបានឱកាសអប់រំសម្រាប់កុមារ និងយុវជនដែលត្រូវការការគាំទ្រ។
នៅថ្ងៃទី១២ ខែវិច្ឆិកា កម្មវិធីត្រូវបានរៀបចំនៅ ភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ មុនបន្តទៅកាន់ទីតាំងផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ កម្មវិធីនៅភូមិរង់ចាំក៏ទទួលបានកិត្តិយសចូលរួមពីឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយតំណាង ក្រុមហ៊ុន យូនីលឹវើ កម្ពុជា អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជាអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

សម្រាប់សាប៊ូវីសូពិសេស សម្លៀកបំពាក់ស្អាតនិងភ្លឺ មិនមែនគ្រាន់តែជារូបរាងខាងក្រៅនោះទេ។ សម្រាប់កុមារម្នាក់ ការមានសម្លៀកបំពាក់សិស្សដែលសមរម្យ អាចជួយផ្តល់ភាពថ្លៃថ្នូរ ទំនុកចិត្ត និងការត្រៀមខ្លួនក្នុងការបន្តការសិក្សា។
អាវសសិស្សមួយអាចមើលទៅជារឿងតូចមួយ ប៉ុន្តែវាអាចផ្ញើសារដ៏ធំមួយទៅកាន់កុមារថា៖ ប្អូនមានកន្លែងនៅក្នុងថ្នាក់រៀន ប្អូនសមនឹងទទួលបានឱកាសក្នុងការសិក្សា ហើយអនាគតរបស់ប្អូនមានតម្លៃ។

នេះក៏ស្របទៅនឹងគោលបំណងនៃភាពជាដៃគូ ដែលផ្តោតលើការលើកកម្ពស់ភាពថ្លៃថ្នូរ និងការបន្តចូលរួមក្នុងការអប់រំរបស់កុមារ និងយុវជនពីគ្រួសារដែលងាយរងគ្រោះ និងរងផលប៉ះពាល់ពីការផ្លាស់ទីលំនៅ។
កម្មវិធីផ្តល់អាវសសិស្សនេះ គឺជាផ្នែកសំខាន់មួយនៃភាពជាដៃគូរយៈពេលពីរឆ្នាំរវាង Unilever Cambodia និង World Vision International in Cambodia ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ភាពជាដៃគូមានកម្មវិធីសំខាន់ពីរ គឺការផ្តល់អាវសសិស្ស និងកម្មវិធីអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ដែលមានទឹកប្រាក់វិនិយោគប្រមាណ៧០០លានរៀល។

តាមរយៈកម្មវិធីអាវសសិស្ស វីសូពិសេស នឹងផ្តល់អាវសសរុបប្រមាណ១០,០០០ អាវ ដល់សិស្សានុសិស្សប្រមាណ ៥,០០០ នាក់ ក្នុងរយៈពេលពីរឆ្នាំ ដោយសិស្សម្នាក់ៗទទួលបានអាវសចំនួនពីរ។ ក្នុងឆ្នាំ២០២៦ សិស្ស២,៥០០ នាក់ ទទួលបានអាវសសរុប ៥,០០០ អាវ ហើយកម្មវិធីគ្រោងគាំទ្រសិស្ស ២,៥០០ នាក់បន្ថែមទៀតនៅឆ្នាំ២០២៧។
ភាពជាដៃគូនេះក៏ផ្តល់ អាហារូបករណ៍ដល់យុវជនចំនួន ៤០ នាក់ ក្នុងពីរជំនាន់ ដោយអ្នកទទួលអាហារូបករណ៍ម្នាក់ៗទទួលបានការគាំទ្រសម្រាប់ការសិក្សានៅសាកលវិទ្យាល័យរយៈពេលបួនឆ្នាំ។

គំនិតផ្តួចផ្តើមនេះបន្តពីការគាំទ្ររយៈពេលយូររបស់ វីសូពិសេស ចំពោះយុវជន និងការអប់រំនៅកម្ពុជា។ កន្លងមក ម៉ាកនេះបានគាំទ្រអាហារូបករណ៍ បរិច្ចាគអាវសសិស្សទៅកាន់សហគមន៍ និងចូលរួមកម្មវិធីជួយសិស្សត្រៀមប្រឡងថ្នាក់ជាតិ។
សម្រាប់សាប៊ូវីសូពិសេស ស្នាមញញឹមរបស់កុមារនៅភូមិរង់ចាំ និងសហគមន៍ផ្សេងៗនៅខេត្តបន្ទាយមានជ័យ និងព្រះវិហារ មិនមែនកើតឡើងត្រឹមតែពីអាវសថ្មីមួយនោះទេ ប៉ុន្តែអាចជាការចាប់ផ្តើមនៃទំនុកចិត្ត ក្តីសង្ឃឹម និងអនាគតកាន់តែភ្លឺត្រចះត្រចង់។

អាវសថ្មីមួយមិនអាចដោះស្រាយរាល់បញ្ហាដែលកុមារ និងក្រុមគ្រួសារកំពុងប្រឈមបានទេ។ ប៉ុន្តែវាអាចជួយផ្តល់ទំនុកចិត្តដល់កុមារម្នាក់ ឱ្យត្រៀមខ្លួនចូលថ្នាក់រៀន បន្តការសិក្សា និងជឿជាក់ថា មានមនុស្សនៅជុំវិញពួកគេដែលគាំទ្រក្តីស្រមៃរបស់ពួកគេ។
សម្លៀកបំពាក់ភ្លឺស្អាតនៅថ្ងៃនេះ អនាគតកាន់តែភ្លឺត្រចះត្រចង់នាពេលអនាគត!
