ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ទទួលបានកញ្ចប់សព្វាវុធ ដល់ទៅ ២៩លានដុល្លារ ពីអាមេរិក

បរទេស៖ នៅថ្ងៃអង្គារម្សិលមិញ រដ្ឋមន្ត្រីការពារជាតិបានប្រកាសថា ប្រទេសហ្វីលីពីន ទើបតែបានទទួលនូវសម្ភារៈយោធា ដែលមានតម្លៃប្រមាណជា ២៩លានដុល្លារ ពីសហរដ្ឋអាមេរិក ហើយវាគឺជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងប្រឆាំងភេរវកម្មពីខាងក្រៅរបស់ខ្លួន។

គ្រឿងបរិក្ខារយោធាទាំងនោះ រួមមានទាំងកាំភ្លើងវែង និងកាំភ្លើងខ្លីប្រឆាំងនឹងគ្រឿងផ្ទុះ ត្រូវបានប្រគល់ជូនហ្វីលីពីន ក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក Christopher Miller ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសចំនួនពីរ នៅតំបន់អាស៊ីអាគ្នេយ៍។

រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើទំនើបកម្មរបស់នៃ កងកម្លាំងប្រដាប់អាវុធហ្វីលីពីននេះ ក៏នឹងអនុញ្ញាតឱ្យយើងឆ្លើយតប កាន់តែមានប្រសិទ្ធិភាព ចំពោះការគំរាមកំហែងសន្តិសុខ តាមប្រពៃណីនិងមិនប្រពៃណី មកលើដែនសមុទ្ររបស់យើងផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top