ភ្នំពេញ៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ – ដើម្បីចូលរួមអភិរក្ស ការពារព្រៃកោងកាង នៅកម្ពុជា ក្រុមការងារ របស់ក្រុមហ៊ុន Smart ចំនួនប្រមាណជាង ៨០នាក់ បាននាំយក កូនដើមកោងកាង ចំនួន២០២១ដើម ទៅដាំនៅក្នុងសហគមន៍ ត្រពាំងសង្កែ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយមានការគាំទ្រ ពីសហគមន៍ផ្ទាល់ និងការចូលរួម របស់តំណាងក្រសួងបរិស្ថានផងដែរ ។
យុទ្ធនាការដាំកូន ដើមកោងកាងនេះ គឺជាផ្នែកមួយ នៃក្របខណ្ឌនិរន្ដរភាព របស់ក្រុមហ៊ុន Smart ដើម្បីឆ្ពោះទៅសម្រេច ឲ្យគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG13) និងជួយផ្សព្វផ្សាយ អំពីសារៈសំខាន់ នៃព្រៃកោងកាង ដែលជាកន្លែងថែទាំ និងជាជម្រក សម្រាប់ពពួកត្រី និងសត្វទឹកសំខាន់ៗ ។
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈ នៃក្រុមហ៊ុន Smart Axiata បាបញ្ជាក់ថាយុទ្ធនាការ ដាំដើមកោងកាង ២០២១ ដើមនេះនឹងជម្រុញបុគ្គលិក ក្រុមហ៊ុនបន្តការជួយ ដល់សហគមន៍ និងស្រលាញ់បរិស្ថាន។
លោក ទីវា មានប្រសាសន៍ថា «ការដាំដើមកោងកាង នេះគឺជាផ្នែកមួយ នៃការជម្រុញបុគ្គលិករបស់យើង ឲ្យបន្តចូលរួម ជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។ ហើយយើងជឿជាក់ថា ដើមកោងកាងនេះធំឡើង នឹងផ្ដល់អត្ថប្រយោជន៍ ដល់សហគមន៍ផ្ទាល់ សម្រាប់ធើ្វការនេសាទ ក៏ដូចជាដោយផ្ដល់ជម្រក ដល់សត្វដែលរស់នៅ ក្នុងទឹក និងជីវៈចំរុះ ផ្សេងៗទៀតផងដែរ។ តំណាងក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណដល់ សហគមន៍ត្រពាំងសង្កែ និងក្រសួងបរិស្ថាន ដែលបានចូលរួមគាំទ្រ ការដាំដើមកោងកាង ចំនួន ២០២១ ដើម ជាមួយពួកយើងនៅថ្ងៃនេះ។»
លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ថ្ងៃនេះគឺជាថ្ងៃល្អ មួយដែលមានក្រុមការងារ ក្រុមហ៊ុន Smart បានមកដាំដើមកោងកាង ដោយក្រសួងបរិស្ថាន តែងតែចង់បានដៃគូ ចូលរួមការពារបរិស្ថាន។ នៅពេលយើង ដាំដើមកោងកាងនេះ មានន័យថាយើង កំពុងបង្កើតជម្រកបន្ថែម សម្រាប់មច្ឆាជាតិរបស់យើង ហើយក៏ជួយដល់ជីវភាព ពលរដ្ឋនៅតាមសហគមន៍ ឲ្យកាន់តែប្រសើរឡើង។»
ដើមកោងកាង អាចជារនាំងប្រឆាំង នឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ព្រៃកោងកាងជួយផ្តល់ នូវគុណប្រយោជន៍ខ្ពស់ ដល់ប្រព័ន្ធអេកូឡូស៊ី តាមតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដី ពីការសឹករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់ សរីរាង្គសត្វសមុទ្រមួយចំនួន រួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រ ដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ពលរដ្ឋក្នុងតំបន់។
កញ្ញា យិន ផាដាវ បុគ្គលិកក្រុមហ៊ុន Smart ដែលបានចូលរួម ក្នុងការដាំដើមកោងកាង បានឲ្យដឹងថា «នាងខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយ ដែលបានមកដាំដើមឈើ ជាមួយក្រុមការងារ ហើយនេះគឺជាលើកទីមួយ ដែលបានមកដាំដើមកោងកាង ជាមួយពួកគាត់។ ក្រុមហ៊ុន Smart ផ្ដល់ឱកាស ឲ្យខ្ញុំបានធ្វើការងារ ដើម្បីសហគមន៍ ហើយនេះគឺជាផ្នែកមួយ នៃក្រុមហ៊ុន ដោយជម្រុញឲ្យពួកខ្ញុំ ស្រលាញ់ធម្មជាតិ និងធ្វើការ ដើម្បីសហគមន៍នានា។»
កម្មវិធីបរិស្ថានល្អ គឺជាសសរស្ដម្ភដ៏សំខាន់មួយ នៃកម្មវិធីទំនួលខុសត្រូវសង្គម ទាំងបួនរបស់ក្រុមហ៊ុន Smart រួមមាន ១/ការអប់រំ ២/បច្ចេកវិទ្យាបែបច្នៃប្រឌិត ៣/កីឡាសហគមន៍ ៤/បរិស្ថាន។ កម្មវិធីនិរន្ដរភាព និងកម្មវិធីទំនួលខុសត្រូវសង្គម គឺជាគន្លឹះដ៏សំខាន់ សម្រាប់ទស្សនវិជ្ជាអាជីវកម្ម របស់ក្រុមហ៊ុន Smart ដោយទទួលស្គាល់ ពីទំនួលខុសត្រូវដ៏ធំរបស់ខ្លួន នឹងតែងតែធានាថា អាជីវកម្មរបស់ក្រុមហ៊ុន រីកលូតលាស់ជាមួយ និងភាគីពាក់ព័ន្ធ និងសហគមន៍៕