ព័ត៌មានអន្តរជាតិ

អាមេរិកប្តេជ្ញា ធ្វើការឆ្លើយតប ចំពោះក្រុមនៅពីក្រោយ ការវាយប្រហារដោយរ៉ុកកែតនៅអ៊ីរ៉ាក់

បរទេស៖ រដ្ឋបាលលោក បៃដិន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា នឹងមានផលវិបាកចំពោះក្រុម ដែលនៅពីក្រោយការវាយប្រហារ ដោយគ្រាប់រ៉ុកកែតកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង សម្លាប់អ្នកម៉ៅការស៊ីវិលម្នាក់ និងរបួសជាច្រើននាក់។

អាជ្ញាធរយោធាសហរដ្ឋអាមេរិក បាននិយាយថា តិចបំផុតមានគ្រាប់រ៉ុកកែត ១០៧មីលី្លម៉ែត្រ ចំនួន១៤គ្រាប់ កាលពីយប់ថ្ងៃចន្ទ ត្រូវបានបាញ់ ទៅលើអាកាសយានដ្ឋាន Erbil ដោយ៣គ្រាប់វាយប្រហារ ចំមូលដ្ឋានអាមេរិក និងសម្លាប់អ្នកម៉ៅការស៊ីវិល មិនមែនជនជាតិអាមេរិកម្នាក់ ហើយជនជាតិអាមេរិកចំនួន៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ ដោយរួមមានទាំងសមាជិក សេវាកម្មអាមេរិកម្នាក់ផង។

នៅថ្ងៃពុធសប្ដាហ៍នេះ លោក Ned Price ជាមន្ត្រីនាំពាក្យ ក្រសួងការបរទសអាមេរិក បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតថា ការស៊ើបអង្កេតចំពោះការវាយប្រហារ លើកងកម្លាំងចម្រុះ ដឹកនាំដោយសហរេដ្ឋអាមេរិក ក្នុងទីក្រុង Erbil នៅតំបន់ឃឺដអ៊ីរ៉ាក់នោះ កំពុងតែប្រព្រឹត្តទៅ ប៉ុន្តែថា នឹងមានការឆ្លើយតប នៅពេលដែលពិរុទ្ធជនត្រូវបានកំណត់។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា “វាយុត្តិធម៌ដើម្បីនិយាយថា នឹងមានផលវិបាក ចំពោះក្រុមណាមួយ ដែលត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។ ដូចដែលខ្ញុំបាននិយាយប្រាប់ កាលពីម្សិលមិញ ដៃគូឃឺដរបស់យើង ដៃគូអ៊ីរ៉ាក់របស់យើង ទាំងអស់គ្នា ពួកគេកំពុងតែធ្វើការងារ លើការស៊ើបអង្កេតនេះ ដើម្បីកំណត់រកបុគ្គល ត្រូវទទួលខុសត្រូវពិតប្រាកដ ហើយការឆ្លើយតបណាមួយ ដែលយើងនឹងធ្វើ នឹងសហការគ្នាយ៉ាងពេញលេញ ជាមួយរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ និងជាមួយដៃគូ កងកម្លាំងចម្រុះរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top