ព័ត៌មានជាតិ

ជប៉ុនផ្តល់ ២លានដុល្លារ សម្រាប់កម្មវិធីស្បៀងអាហារពិភពលោក កាត់បន្ថយផលប៉ះពាល់ ដោយទឹកជំនន់នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារទឹកជំនន់ទៅលើសន្តិសុខ ស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍រងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា។

ក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ។លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន ប្រទេស កម្ពុជាបានទទួលរង នូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ ដល់ប្រជាជនមួយចំនួនធំ ក៏ដូចជាបង្កឲ្យ មានការបាត់បង់ ជីវិតនិងការខូចខាតផ្នែករូបវ័ន្ត ទៅលើទ្រព្យសម្បត្តិជាច្រើន។ ខ្ញុំមានក្ដីសង្ឃឹមដោយស្មោះថា គម្រោងនេះ នឹងកាត់បន្ថយផលប៉ះពាល់ ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះ ដោយទឹកជំនន់»។

លោកថា គម្រោងនេះបានកំណត់គោលដៅ នៅឃុំចំនួន១៦ នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។

លោកស្រី Claire CONAN តំណាងកម្មវិធី ស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានលើកឡើងដែរថា ក្នុងអំឡុងពេល មួយទសវត្សកន្លងមកនេះ កម្ពុជាបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ ធ្ងន់ធ្ងរចំនួន៤លើក។ លើកចុងក្រោយបង្អស់ នៅក្នុងខែតុលាឆ្នាំមុន ទឹកជំនន់បានបង្កឲ្យក្រុមគ្រួសារ ចំនួន១៤.២៩៩ គ្រួសារផ្លាស់ប្ដូរទីលំនៅ និងប៉ះពាល់ដោយផ្ទាល់ ទៅលើក្រុមគ្រួសារចំនួន ១៧៦.០០០គ្រួសារ (ជិត ៨០០.០០០ នាក់) ក្នុងខេត្តចំនួន១៤។ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរងការជន់លិច និងខូចខាតយ៉ាងដំណំ។

ឆ្នាំ២០១៩ ជប៉ុនបានចូលរួមវិភាគទាន ចំនួន២,៧លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីលើកកម្ពស់កសាងភាពធន់ របស់សហគមន៍នៅកម្ពុជា ដើម្បីទប់ទល់នឹងវិបត្តិ និងកសាងសមត្ថភាពស្ថាប័ន ក្នុងការត្រៀមលក្ខណៈទប់ទល់ នឹងគ្រោះអាសន្ន៕

To Top