បរទេស៖ ស្ថានភាពនៅក្នុងប្រទេស មីយ៉ាន់ម៉ា មានភាពតានតឹងចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលយោធាប្រទេសនេះបានដណ្តើមអំណាច ហើយចាប់ខ្លួនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានថ្លែងនៅថ្ងៃច័ន្ទថា ព្រឹត្តិការណ៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងបង្កើតជាក្តីព្រួយបារម្ភ ដោយលោកបានកត់សម្គាល់ថា សហគមន៍អឺរ៉ុប អាចនឹងប្រើទណ្ឌកម្ម ដែលជាការសម្រេចចុងក្រោយ។
នៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលលោក Maas បាននិយាយថា “យើងមិនបានត្រៀមខ្លួនឈរមើលនិងឃ្លាំមើលនោះទេ។ យើងនឹងប្រើគ្រប់បណ្តាញការទូតទាំងអស់ដើម្បីជំរុញឱ្យបន្ថយភាពតានតឹងនៅមីយ៉ាន់ម៉ា ប៉ុន្តែក្នុងពេលតែមួយនោះ ជាមធ្យោបាយចុងក្រោយ មានការរៀបចំការដាក់ទណ្ឌកម្មលើរបបយោធានៅមីយ៉ាន់ម៉ា»។
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានស្តីបន្ទោសទៅដល់កងកម្លាំងប្រដាប់អាវុធប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះផងដែរ ដោយជំរុញឱ្យបញ្ឈប់អំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា៕ប្រែសម្រួលៈ ណៃ តុលា