ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្ត និងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19 បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា ។
ការលើកឡើងរបស់លោកមេបក្សយុវជនបែបនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងតែឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ កុម្ភៈ ថា «រដ្ឋទប់ស្កាត់ រាស្រ្តប្រតិបត្តិ ឈ្នះរោគ COVID-19 ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្តនិងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងព្យាបាលចំនួន ១១៦នាក់ព្រមទាំងឆ្លងចូលសហគមន៍ចំនួន៩៩នាក់ ៕