ព័ត៌មានអន្តរជាតិ

ចិនអនុម័តថ្នាំ វ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុក ពីរថែមទៀត

បរទេស ៖ រដ្ឋបាលផលិតផល ឱសថជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័ត ថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួនពីរថែមទៀត សម្រាប់ការប្រើប្រាស់ ជាសាធារណៈ ធ្វើឲ្យចំនួនថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុកចិន ដែលបានអនុម័តកើនដល់ចំនួន៤ ។

ថ្នាំវ៉ាក់សាំងដែលទើប បានអនុម័តពីរថ្មីៗនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន CanSino Biologics Inc និងវិទ្យាស្ថានផលិតផល ជីវសាស្ត្រទីក្រុងវូហាន ជាសាខាមួយរបស់ក្រុម ឱសថជាតិចិន ហៅកាត់ថា Sinopharm ។

អង្គភាពនៅទីក្រុងវូហានរបស់ Sinopharm បាននិយាយនៅថ្ងៃពុធថា ថ្នាំវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពដល់ទៅ៧២,៥១ភាគរយ ក្នុងការប្រឆាំងនឹង ជម្ងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសថ្មី ហើយនេះគឺសម្អាងដល់ការវិភាគបណ្ដោះអាសន្ន នៃទិន្នន័យសាកល្បងដំណាក់ កាលចុងក្រោយ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ។
ថ្នាំវ៉ាក់សាំងកូវីដ១៩ចិនទាំង៤នោះ អាចរក្សាទុកក្នុងសីតុណ្ហភាពនៃទូកកធម្មតាបាន ជាហេតុធ្វើឲ្យវាជាជម្រើសដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ប្រទេសកំពុង អភិវឌ្ឍន៍នានា ដែលអាចមានការលំបាកការ យកថ្នាំវ៉ាក់សំាង ពីក្រុមហ៊ុន Pfizer និង Moderna ដែលតម្រូវឲ្យមានសីតុណ្ហភាព ត្រជាក់ខ្លាំងជាងនោះ សម្រាប់ការរក្សាទុករយៈពេលវែង៕
ប្រែសម្រួល៖ប៉ាង កុង

To Top