បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិត រថយន្តជប៉ុនម៉ាក តូយ៉ូតា បានពន្យាពេលពិធីបើក និងចាប់ផ្តើមដំណើរការរោងចក្រថ្មីមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍បន្ថែមថា ពិធីបើកត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ ហើយកាលបរិច្ឆេទថ្មី មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
រោងចក្រនេះ នឹងត្រូវបើកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅជិតទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំជាង គេរបស់មីយ៉ាន់ម៉ា ហើយនឹងផលិតរថយន្ត Hilux pickups រហូតដល់ ២ ៥០០គ្រឿង ក្នុងមួយឆ្នាំ ។
សូមជម្រាបថា កាលពីថ្ងៃទី ១ ខែកុម្ភៈយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាល និងបានប្រកាសអាសន្នរយៈពេលមួយឆ្នាំពេញ មុនពេលដែលសភា ដែលទើបជាប់ឆ្នោតថ្មីត្រូវកោះប្រជុំ។ ទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជី និងប្រធានាធិបតី គឺលោក Win Myint រួមជាមួយមន្ត្រីកំពូល ៗ ផ្សេងទៀតដែលរងការចោទប្រកាន់ ពីបទបន្លំសន្លឹកឆ្នោត ហើយត្រូវបានឃុំខ្លួនក្នុងផ្ទះ។ រដ្ឋប្រហារនេះបានបង្ក ឱ្យមានការតវ៉ាទ្រង់ទ្រាយធំ នៅទូទាំងប្រទេសនេះផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា