ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យមាន ចំណងមិត្តភាពប្រសើរឡើងជាមួយជប៉ុន 

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ធ្វើការជំរុញឲ្យមានភាពល្អប្រសើរឡើង នូវចំណងមិត្តភាពជាមួយប្រទេសជប៉ុន ដោយលោកស្នើឲ្យមានសហប្រតិបត្តិការកាន់តែជិតស្និទ្ធ នៅក្នុងសុន្ទរកថាមួយ ដែលរំឭកពីការចាប់ផ្តើមនៃចលនាទាមទារឯករាជ្យប្រឆំាងអាណានិគមជប៉ុន កាលពីជាងមួយសតវត្សមុន។

ដោយហៅការគ្រប់គ្រងលើប្រទេសកូរ៉េចាប់ពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥របស់ជប៉ុន ថាជាពេលវេលាអកុសលនោះ លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា ប្រទេសជិតខាងនានា គួរតែបែកចែកបញ្ហាប្រវត្តិសាស្ត្រ ចេញពីចំណងមិត្តភាពអនាគតរបស់ខ្លួន។

នៅក្នុងសុន្ទរកថាមួយ នៅកន្លែងប្រារព្ធពិធីលើឧទ្យាន Tapgol Park ទីក្រុងសេអ៊ូល សម្រាប់ចលនាឯករាជ្យថ្ងៃទី០១ ខែមីនា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងយ៉ាងដូច្នេះថា “យើងមិនត្រូវអនុញ្ញាតឲ្យអតីតកាលទាញយើងថយក្រោយទេ។ យើងត្រូវតែផ្តោតថាមពលឲ្យច្រើន លើការអភិវឌ្ឍន៍អនាគត ទន្ទឹមនឹងការដោះស្រាយបញ្ហាអតីតដោយឡែកពីគ្នា”។

គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ មានភាពស្មុគស្មាញជាយូរមកហើយ ប៉ុន្តែប្រទេសជិតខាងគ្នាទាំងពីរនេះ បានមើលឃើញចំណងមិត្តភាពការទូតដើរថយក្រោយ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហាពាក់ព័ន្ធការបំពានសម័យសង្គ្រាមពីប្រទេសជប៉ុន៕ប្រែសម្រួល៖ប៉ាង កុង


To Top