ព័ត៌មានជាតិ

ចិនមានគោលដៅ ផ្តល់ថ្នាំ វ៉ាក់សំាងកូវីដ១៩ ឲ្យបាន៤០ភាគរយ នៃប្រជាជនខ្លួន 

បរទេស៖ ទីប្រឹក្សាសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសចិនមានគោលដៅចាក់ថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩ ឲ្យបានចំនួន៤០ភាគរយនៃប្រជាជនខ្លួន នៅត្រឹមចុងខែកក្កដា ដោយតម្រូវឲ្យបង្កើនកាន់តែខ្លាំងក្នុងដំណើរចាក់វ៉ាក់សាំង សូម្បីមានការបង្កើននាំចេញថ្នាំវ៉ាក់សាំងទៅក្រៅប្រទេសក៏ដោយ។

លោក Zhong Nanshan ជាអ្នកជំនាញផ្នែកមេរោគកូរ៉ូណា ដែលជួយរៀបចំការឆ្លើយតបនឹងជម្ងឺកូវីដ១៩ បាននិយាយនៅថ្ងៃចន្ទថា សមាមាត្រនៃថ្នាំវ៉ាក់សាំងបច្ចុប្បន្ននេះ គឺត្រូវបានផ្តល់ឲ្យដល់មនុស្សចំនួន១០០នាក់ ក្នុងប្រទេសចិន គឺមានចំនួន៣,៥៦ទាបខ្លាំងជាងចំនួនសមាមាត្រនៅអ៊ីស្រាអែល សហភាពអារ៉ាប់រួម និងសហរដ្ឋអាមេរិក។

នៅក្នុងវេទិកាអនឡាញរៀបចំដោយសាកលវិទ្យាល័យ Tsinghua University របស់ប្រទេសចិន និងវិទ្យាស្ថាន Brookings Institution មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ លោក Zhong Nanshan បានមានប្រសាសន៍ថា គោលដៅគឺ៤០ភាគរយនៅត្រឹមចុងខែកក្កដា ដោយផ្អែកលើការទាក់ទងរបស់លោក នៅមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺចិន។

លោកបានមានប្រសាសន៍បញ្ជាក់ថា ប្រទេសចិន ដែលបានអនុម័តលើថ្នាំវ៉ាក់សាំងកូរ៉ូណាអភិវឌ្ឍផលិតក្នុងប្រទេស ចំនួន៤  សម្រាប់ការប្រើប្រាស់លើសាធារណៈទូទៅនោះ បានប្រើប្រាស់ថ្នាំវ៉ាក់សាំងចំនួន៥០,៥២លានដូស គិតត្រឹមថ្ងៃទី២៨ ខែកុម្ភ: ៕ប្រែសម្រួល៖ប៉ាង កុង

To Top