ព័ត៌មានជាតិ

លោក ឃួង ស្រេង នឹងពិភាក្សា ជុំវិញការប្រែក្លាយភ្នំពេញ ទៅជាទីក្រុងវៃឆ្លាត តាមរយៈមហាសន្និបាត AIMF

ភ្នំពេញ ៖ មិនដល់មួយសប្តាហ៍ទៀតទេ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពោរពេញ ដោយអត្ថប្រយោជន៍ ដល់ទីក្រុងភ្នំពេញ តាមរយៈកិច្ចប្រជុំលើកទី៣៩ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ហៅកាត់ AIMF ។

ក្នុងនាមជាម្ចាស់ផ្ទះ នៃមហាសន្និបាទ AIMF រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាកម្ពុជាទាំងមូល ក្នុងការបង្ហាញពីភាពរីកចម្រើន ក្រោមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ជាពិសេសជាការ បង្ហាញតំបន់ទេសចរសំខាន់ៗ ទៅកាន់អភិបាលក្រុង ប្រមាណជា១៤០ ដែលគ្រោងចូលរួម ដើម្បីលើកកម្ពស់ លើវិស័យទេសចរណ៍ជាតិ ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងវេទិកាសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “ក្នុងក្របខណ្ឌនៃមហាសន្និបាតនេះ មានកម្មវិធីផ្លូវការចំនួន៣សំខាន់ៗ ។ បន្ទាប់ពីមហាសន្និបាត ក៏មានការគ្រប់គ្រងតិចនិក គឺជាអង្គសន្និសីទបច្ចេកទេស ដែលនឹងពិភាក្សាគ្នា លើប្រធានបទបច្ចេកទេសមួយចំនួន ។ ប្រធានបទនៃអង្គសន្និសីទនេះ ពាក់ព័ន្ធការរៀបចំទីក្រុង ការរៀបចំស្ថាបនាទីក្រុងឡើងវិញ ជាពិសេសបណ្តាទីក្រុង ដែលធ្លាប់ឆ្លងកាត់គ្រោះមហន្តរាយនានា ។ ប្រធានបទសំខាន់នៃអង្គសន្និសីទនេះ គឺជាការរៀបចំទីក្រុងមួយ ដើម្បីឲ្យក្លាយជាទីក្រុង ដែលមានភាពធន់ ហើយនិងមានការអភិវឌ្ឍ” ។

លោកបន្តថា ចំពោះកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ មានតែ២៧ទីក្រុងទេ ដែលមានសិទ្ធិអនុម័តនូវរបាយការណ៍ និងឯកសាសំខាន់ៗ សម្រាប់ដាក់ឆ្លងមហាសន្និបាត ។ កិច្ចប្រជុំអចិន្ត្រៃយ៍ នឹងមានការរៀបចំ កិច្ចប្រជុំការិយាល័យជំនាញ ដែលបើកឲ្យមានទីក្រុងមួយចំនួន មានសិទ្ធិចូលរួម និងពិភាក្សាទាក់ទង ទៅការប្រើប្រាស់ Smart City (ទីក្រុងវៃឆ្លាត) ដែលជាការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងអភិបាលកិច្ចទីក្រុង ។

លោក នួន ផារ័ត្ន បញ្ជាក់ពីចំណុចវិជ្ជមានជាច្រើន ដែលទទួលបានពីការរៀបចំមហាសន្និបាត AIMF នេះថា “ការរៀបចំមហាសន្និបាតនេះ មានអត្ថន័យធំធេង សម្រាប់បងប្អូនរស់នៅរាជធានីភ្នំពេញ ក៏ដូចជាកម្ពុជា ថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាប្រទេសជាតិរបស់យើង ទី១គឺកិត្តិយស ព្រោះជាការផ្តល់នូវទំនុកចិត្តមួយថា យើងមានសមត្ថភាព អាចរៀបចំជំនួបកំពូលដ៏ធំនេះ ដែលមានបណ្តាទីក្រុងជាង១៤០ ដែលបានបញ្ជាក់មកចូលរួម ហើយ៤១ប្រទេស ដែលមានអភិបាលក្រុងចំនួន៨៥រូប នឹងបានអញ្ជើញមកចូលរួម” ។

សូមរំលឹកថា បច្ចុប្បន្ន AIMF មានសមាជិកចំនួន៣០៧សមាជិក មានបណ្តាទីក្រុងមកពី៥២ទីក្រុង ក្នុងនោះរាជធានីភ្នំពេញ ជាសមាជិកដ៏សំខាន់មួយ ដោយសារតែជាសមាជិកអចិន្ត្រៃយ៍ ក្នុងចំណោមសមាជិក នៃការិយាល័យអចិន្ត្រៃយ៍ទាំង២៧ទីក្រុង ៕ ដោយ៖ ដារាត់

To Top