ព័ត៌មានអន្តរជាតិ

ប្រធានសិទ្ធិមនុស្សយូអិន៖ កងកម្លាំងសន្តិសុខមីយ៉ានម៉ា ត្រូវតែបញ្ឈប់ការបង្ក្រាប ដោយព្រៃផ្សៃ

បរទេស៖ប្រធានសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យកងកម្លាំងសន្តិសុខមីយ៉ានម៉ា ឈប់បង្រ្កាបដោយព្រៃផ្សៃលើក្រុម តវ៉ាដោយសន្តិវិធី និងបានជំរុញយោធាឲ្យដោះលែងមនុស្ស ដែលចាប់ឃុំខ្លួនដោយខុសច្បាប់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈមក។

លោក Michelle Bachelet បានមានប្រសាសន៍ថា មនុស្សជាង១.៧០០នាក់ ត្រូវបានគេចាប់ឃុំខ្លួនដោយព្រៃផ្សៃ និងថា ការចាប់ខ្លួនកំពុងតែមានការកើនឡើង ហើយក្នុងចំណោមពួកគេនោះ រួមមានទាំងអ្នកសារព័ត៌មានចំនួន២៩នាក់ ទើបត្រូវបានគេចាប់ខ្លួនក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយខ្លះត្រូវបានគេចោទពីបទញុះញង់ឲ្យប្រឆាំង ឬក៏ចូលរួមការជួបជុំខុសច្បាប់។
ដោយធ្វើការថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់កាំភ្លើងពិតប្រឆាំងអ្នកតវ៉ាដោយសន្តិវិធី នៅទូទាំងប្រទេស ដែលធ្វើឲ្យមនុស្សរាប់រយនាក់រងរបួសនោះ លោក Bachelet បានមានប្រសាសន៍យ៉ាងដូច្នេះថា “យោធារបស់ប្រទេសមីយ៉ានម៉ា ត្រូវតែឈប់សម្លាប់និងឈប់ឃុំខ្លួនបាតុករ”។

ក្រៅពីនោះ លោកក៏បានជំរុញមន្ត្រីមីយ៉ានម៉ា ដែលបានចូលរួមក្នុងចលនាស៊ីវិល ឲ្យគាំទ្រដល់កិច្ចប្រឹងប្រែងឲ្យថ្នាក់ដឹកនាំយោធាទទួលខុសត្រូវ ចំពោះការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការស៊ើបអង្កេតអង្គការសហប្រជាជាតិ និងពាក់បណ្ដឹងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕ប្រែសម្រួល៖ប៉ាង កុង

To Top