ភ្នំពេញ ៖ បុរសជាសន្តិសុខ នៅសណ្ឋាគារសុខា ដែលបានដោះលែងស្រ្តីជនជាតិចិន ២នាក់ ក្នុងពេលធ្វើចត្តាឡីស័កនោះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានបញ្ជូនទៅអនុគណៈកម្មាការ ស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ដែលមានទីបញ្ជាការ ស្ថិតនៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីបន្តនិតិវិធី ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ ។
ក្រោយធ្វើចត្តាឡីស័ក១៤នេះ លទ្ធផលបង្ហាញថា បុរសជាសន្តិសុខនេះ អវិជ្ជមានកូវីដ១៩។
កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ មានព្រឹត្តិការណ៍ភ្ញាក់ផ្អើលមួយ កើតឡើង ដោយសារសន្តិសុខរូបនេះ បានលបលួចដោះលែងស្រ្តី ជនជាតិចិន ឲ្យចេញក្រៅសណ្ឋាគារជាទីធ្វើចត្តាឡី ក្រោយការដោះលែងក៏មានការផ្ទុះជំងឺកូវីដសារជាថ្មី រហូតរកដល់៣២នាក់ ត្រឹមតែរយៈពេលជាង១០ម៉ោងប៉ុណ្ណោះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០មក អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៤២៥នាក់ ដែលព្រឹត្តិការណ៍សហគមន៍ ឆ្លងច្រើនទ្វេដង ជាងព្រឹត្តិការណ៍ សហគមន៍ ៣ វិច្ឆិកា និង២៨ វិច្ឆិកា។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ៥ មីនា មានអ្នកឆ្លងសរុបចំនួន៩៣២នាក់ អ្នកជាសះស្បើយចំនួន៤៨៩ នាក់ និងអ្នកកំពុងព្យាបាលចំនួន៤៤២នាក់ ៕