ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងលើកកម្ពស់ចំណងមិត្តភាព ពាណិជ្ជកម្មជាមួយអាមេរិក ផ្អែកលើការគោរពគ្នា

បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃសុក្រនេះ បានប្ដេជ្ញាលើកកម្ពស់ចំណង មិត្តភាពពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ផ្អែកលើការគោរពគ្នាទៅវិញទៅមក ដែលផ្តល់ផលប្រយោជន៍ ឲ្យដល់ប្រទេសទាំងពីរ។

ប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ បានមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហាជំនួញនិងគោលនយោបាយសេដ្ឋកិច្ច ជាពិសេសនៅពេលនិយាយ ដល់ការប្រឹងប្រែងរបស់អាមេរិក ដើម្បីរឹតបន្តឹងការនាំចេញ បច្ចេកវិទ្យាទៅប្រទេសចិន និងពន្ធគយដែលប្រទេសទាំងពីរ បានដាក់លើទំនិញរបស់គ្នាទៅវិញទៅមក។

នៅក្នុងរបាយការណ៍ការងារ ប្រចាំឆ្នាំរបស់លោក នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋសភាចិនប្រចាំឆ្នាំ លោកនាយករដ្ឋន្ត្រីចិន បានមានប្រសាសន៍ថា ប្រទេសរបស់លោកចង់ធ្វើការងារ ជាមួយនឹងសហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍ ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក Li Keqiang បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងលើកកម្ពស់កំណើននៃ ចំណងមិត្តភាពពាណិជ្ចកម្មចិននិងអាមេរិក ដែលផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top