សេអ៊ូល៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀង ស្តីពីការចែករំលែក ចំណាយលើវិស័យការពារជាតិ ជាមួយនឹងការចូលរួម វិភាគទាន កើនឡើងពីប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យ ក្រសួងការបរទេស បានឲ្យដឹងថា“ យើងរីករាយ ដែលអ្នកចរចា របស់សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ បានឈានដល់ការឯកភាពគ្នា លើអត្ថបទ ដែលបានស្នើឡើង នៃកិច្ចព្រមព្រៀង វិធានការពិសេស SMA ដែលនឹងពង្រឹងសម្ព័ន្ធភាព និងការពារជាតិរួមគ្នារបស់យើង” ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា កិច្ចព្រមព្រៀងដែលបានស្នើមាន“ ការកើនឡើងប្រកបដោយអត្ថន័យ ដែលអាចចរចា បានក្នុងការចូលរួមវិភាគទាន គាំទ្រពីប្រទេសម្ចាស់ផ្ទះ” ពីសំណាក់ប្រទេសកូរ៉េ ដោយមិនបានផ្តល់ព័ត៌មាន លំអិតនោះទេ។
យោងតាមអ្នកនាំពាក្យ បានឲ្យដឹងថា ភាគីទាំងពីរ កំពុងបន្តជំហ៊ានចុងក្រោយ ដែលត្រូវការដើម្បីបញ្ចប់ កិច្ចព្រមព្រៀង ហើយគ្រោងនឹងចុះហត្ថលេខា និងចូលជាធរមាន។ SMA លើកទី ១០ ដែលបានឈានដល់ខែមីនាឆ្នាំ ២០១៩ បានផុតកំណត់នៅចុងឆ្នាំនោះ។ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានធ្វើកិច្ចចរចាជាច្រើន លើក ស្តីពីកិច្ចព្រមព្រៀងនេះ។
ចាប់តាំងពីឆ្នាំ ១៩៩១ មកប្រទេសកូរ៉េខាងត្បូង បានចែករំលែកការចំណាយ សម្រាប់ទាហានអាមេរិករួមទាំងថ្លៃដើម សម្រាប់ជនស៊ីវិលកូរ៉េខាងត្បូង ដែលជួលដោយ កងកម្លាំងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន កងទ័ពអាមេរិក ប្រហែល ២៨.៥០០នាក់ កំពុងឈរជើង នៅប្រទេសកូរ៉េខាងត្បូង៕
ដោយ ឈូក បូរ៉ា