Covid-19

ឈីលី ប្រកាសបិទទីក្រុងធំរបស់ខ្លួន ខណៈជំងឺកូវីដ១៩ បន្តឆ្លងរាលដាលឡើងខ្លាំង

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល របស់ប្រទេសឈីលី បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងសាន់ទីយ៉ាហ្គោ ប៉ូលីតែន ត្រូវបិទ ក្នុងអំឡុងពេលចុងសប្តាហ៍ ដោយសារតែមានការកើនឡើងខ្លាំង នៃជំងឺកូវីដ១៩ និងនៅតាមអង្គភាពថែទាំសុខភាព មានអ្នកជំងឺកើនឡើងខ្ពស់ ។

ក្រសួងសុខាភិបាលរបស់ប្រទេសឈីលី បានបញ្ជាក់ថា សរុបទីក្រុងចំនួន១៤ នឹងត្រូវឲ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃសៅរ៍តទៅ ។

ក្រុមអាជ្ញាធរ ក៏បានហាមប្រាម មិនឲ្យមានព្រឹត្តិការណ៍ជាសាធារណៈ និងប្រតិបត្តិការផ្សេងៗ និងបើកបនល្បែងស៊ីសងអ្វី នោះទេ និងបានប្រកាសឲ្យបិទភោជនីយដ្ឋានជាច្រើនកន្លែង និងទីតាំងអាជីវកម្មលក់រាយទាំងឡាយ ក្នុងអំឡុងពេលយប់ រួមទាំង បន្តបិទជាបន្តបន្ទាប់នៅពាក់កណ្តាលយប់ ។

លោក Paula Daza អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីកូវីដ១៩ ច្រើននៅក្នុងប្រទេស ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយយើងបានសម្រេចថា នឹងរឹតបណ្តឹងនូវវិធានការ ក្នុងអំឡុងពេល ដែលស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ ។

ឈីលី ត្រូវបានគេរាយការណ៍មកថា មានករណីជំងឺកូវីដ១៩ចំនួន៥.៥៦៦នាក់ គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៨៧៣.៥១២នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន២១.៣៦២នាក់ ។ ក្រសួងបានចេញរបាយការណ៍ ប្រចាំថ្ងៃឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top