Covid-19

អាជ្ញាធរខេត្តកំពង់ចាម បន្ថែមមណ្ឌលចត្តាឡីស័ក និងពិនិត្យទីតាំងបូជាសព អ្នក ស្លាប់ដោយសារជម្ងឺកូវីដ-១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចុះពិនិត្យការ និងត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ ។

អភិបាលខេត្តរូបនេះ មានប្រសាសន៍ឲ្យដឹងថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន ២កន្លែង គឺនៅសណ្ឋាគារមេគង្គ និងនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម ដែលអាចដាក់អ្នកធ្វើចត្តាឡីស័ក បានចំនួនប្រមាណ ១.០០០ នាក់ប៉ុណ្ណោះ ។ ដូច្នេះ ដើម្បីបង្ការពេលមានពលករ ឬអ្នកដែលធ្វើចត្តាឡីស័កបន្ថែមទៀត ទើបលោក បានដឹកនាំក្រុមការងារ ចុះរៀបចំនៅតាមបណ្តាស្រុកនីមួយៗ ដើម្បីត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក បន្ថែមទៀត ក្នុងនោះមានដូចជា ៖

នៅស្រុកចំការលើ បានត្រៀម ៣កន្លែង ស្រុកព្រៃឈរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៦០នាក់, ស្រុកជើងព្រៃបានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៨០នាក់ , នៅស្រុកបាធាយមាន០១ទីតាំង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៦០នាក់, ស្រុកកំពង់សៀម បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៥០នាក់ , ស្រុកកងមាស បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៧០នាក់, ស្រុកស្រីសន្ធរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២០នាក់, ស្រុកកោះសូទិន បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៣០នាក់ , ស្រុកស្ទឹងត្រង់ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២០នាក់ផងដែរ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការរៀបចំមណ្ឌលចត្តាឡីស័ក នៅតាមបណ្ដាស្រុកទាំង០៩ នេះ គឺមិនយកអគារសាលារៀន ធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្ស ដែលកំពុងរៀនសូត្រនោះទេ ពោលគឺរដ្ឋបាលខេត្ត តម្រូវឲ្យយកអាគារសាធារណៈផ្សេងទៀត ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ។ ហើយបច្ចុប្បន្នមណ្ឌលទាំងនោះ មានលក្ខណៈល្អប្រសើរហើយ អាចដាក់អ្នកធ្វើចត្តាឡីស័កបាន ប្រសិនបើមណ្ឌលក្នុងក្រុងកំពង់ចាមលើសចំនួន។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងទៀតថា បន្ទាប់ពីចុះពិនិត្យ និងរៀបចំមណ្ឌលធ្វើចត្តាឡីស័ក លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានចុះពិនិត្យផងដែរ នូវបរិវេណដី សំរាប់បញ្ចុះសព បងប្អូនកាន់សាសនាឥស្លាម ដែលបានស្លាប់ដោយជំងឺកូវីដ-១៩។

លោកថា កន្លែងត្រៀមសម្រាប់បូជាសព ១កន្លែងនៅវត្តជោតនារាមបឹងកុក ក្នុង សង្កាត់បឹងកុក ក្រុងកំពង់ចាម ទីតាំងនោះអាជ្ញាធរខេត្តអាចទទួលយកបាន នៅតែសុំការសម្រេច ពីអង្គភាពសុខាភិបាលប៉ុណ្ណោះ ។ ដោយឡែកចំពោះបរិវេណដីសំរាប់បញ្ចុះសព ក្នងករណីមានបងប្អូន កាន់សាសនាឥស្លាម បានស្លាប់ដោយសារជំងឺកូវីដ-១៩ អាជ្ញាធរខេត្ត បានជ្រើសយកទីតាំងដីមួយកន្លែង មានទំហំ១ហិកតា ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលជាដីរបស់សហគមន៍ ហើយក៏មានបងប្អូនខ្មែរឥស្លាម រស់នៅទីនោះច្រើនផងដែរ ៕

To Top