Covid-19

សម្ដេចតេជោ៖ បើមិនល្មើសច្បាប់កូវីដ-១៩ថ្មី គ្មានអ្នកណាផាកពិន័យទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅយុវជនម្នាក់វិញថា បើមិនល្មើសច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» គ្មានអ្នកណាផាកពិន័យឡើយ ។ ក្នុងនោះសម្តេចក៏បានផ្ញើសារទៀតថា ត្រូវការពារក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ ។

សម្ដេចតេជោ ឆ្លើយតបបែបនេះ ក្រោយមានយុវជនម្នាក់បានចូលខំមិន ក្នុងហ្វេសប៊ុករបស់សម្ដេច កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុងពេលសម្តេចបង្ហោះខ្លឹមសារ អនុក្រឹត្យស្តីពី “វិធានការសុខភិបាលដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”។

សម្តេចក៏បានស្នើពលរដ្ឋគ្រប់រូប អនុវត្តតាមវិធានសុខាភិបាលឲ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ ។

ក្រោយឃើញការបង្ហោះ របស់សម្តេចនាយករដ្ឋមន្រ្តីបែបនេះ យុវជននោះខំមិនថា «ការពិន័យនេះ ដូចជាធ្ងន់ធ្ងរពេកហើយសម្ដេច» ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរឆ្លើយតបវិញថា «កុំល្មើស គឺមិនមានអ្នកណាពិន័យទេ ហើយថែមការពារខ្លួនការពារ ក្រុមគ្រួសារកុំឲ្យឆ្លងកូវីដបានផង»។

សូមរំលឹកថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃ១១ មីនា ។ ច្បាប់នេះត្រូវបានឡើង ដើម្បីកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឹឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិត របស់ពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរ មានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

តាមខ្លឹមសារសំខាន់ស្ដីពី ការពិន័យជាសាច់ប្រាក់ អំឡុងពេលកូវីដ-១៩ ត្រូវបិទជាសាធារណៈនោះ រួមមាន ៖ អត់ពាក់ម៉ាស ពិន័យ ២០០.០០០រៀល ទៅ១.០០០.០០០រៀល , រៀបចំការជួបជុំ ពិន័យ ១.០០០.០០០ ទៅ៥.០០០.០០០រៀល , មិនព្រមឲ្យសំណាក់ ពិន័យ ១.០០០.០០០រៀល ទៅ៥.០០០.០០០រៀល , គេចពីចត្តាឡីស័ក ពិន័យ ១.០០០.០០០រៀល ទៅ៥.០០០.០០០រៀល , អ្នកផ្ដើមគំនិតញុះញង់ ពិន័យ ១០.០០០.០០០រៀល ទៅ៥០.០០០.០០០រៀល , មិនព្រមនៅដាច់ដោយឡែកអំឡុងពេលព្យាបាល ពិន័យ២.០០០.០០០ ទៅ១០.០០០.០០០រៀល , ចាក់ចែងសាកសពស្មើសមាត្រាទី១៥ ពិន័យ ៥.០០០.០០០ រៀល ទៅ២០.០០០.០០០រៀល , គ្រឹះស្ថានសុខាភិបាលឯកជន មិនជូនដំណឹងទៅក្រសួងសុខាភិបាល ករណីមានអ្នកជំងឺកូវីដ-១៩ ពិន័យ ១០.០០០.០០០រៀល ទៅ៥០.០០០.០០០រៀល ៕

To Top