ព័ត៌មានជាតិ

ប្រធានគណបក្សយុវជនកម្ពុជា ទទូចឲ្យអាជ្ញាធរ គ្រប់ខេត្ត ចាត់វិធានការនិងទប់ស្កាត់ ជនទុច្ចរិត លួចចាក់ដីរំលោភ ចូលសមុទ្រ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាស្នើឲ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទូទាំងប្រទេសកម្ពុជាតាមដាននិងចាត់វិធានការចំពោះក្រុមទុច្ចរិតដែលហ៊ានលួចចាក់ដីរំលោភចូលដៃសមុទ្រ មាត់ព្រែក និងព្រៃកោងកាង ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ដីចំណីមាត់ព្រែក និងព្រៃកោងកាងដែលសម្បត្តិរដ្ឋ នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងត្រូវបានក្រុមជនខិលខូចអាងទឹកលុយលួចចាក់អាចម៍ដីបំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានកោតខ្លាចអាជ្ញាធរសោះឡើយខណៈរាជរដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ដោយឡែកកាលពីថ្ងៃទី១៥ មីនា ម្សិលមិញបន្ទាប់ពីមាន ករណីជនឆ្លៀតឱកាស លួចចាក់ដីចូលក្នុងសមុទ្រ នៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជា បានសម្ដែង ការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង លើជនទុច្ចរិតនិងបក្ខពួក ដែលចាក់ដីរំលោភចូលសមុទ្រ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ មីនា នេះថា «រំលោភទៀតហើយ ! ដីចំណីមាត់ព្រែក និងព្រៃកោងកាង ដែលជាសម្បត្តិរដ្ឋនៅ ភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមាកំពុងត្រូវបានក្រុម ជនខិលខូចអាងទឹកលុយ គឺហ៊ានលួចចាក់អាចម៍ដី បំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានកោតខ្លាចនូវ អាជ្ញាធរស្រុកខេត្តឡើយ ក្នុងន័យនេះសូមអាជ្ញាធរ គ្រប់ជាន់ថ្នាក់ជួយមើលៗផង ហើយសូមអាជ្ញាធរ គ្រប់ខេត្តទូទាំងប្រទេសកម្ពុជា សូមរំពៃមើលពួកទុច្ចរិតផងទាន ក្រែងលោកូវីដ១៩ទៅអស់ ហើយ អស់ទាំងទ្រព្យជាតិទៀត»៕

To Top