ភនំពេញ ៖ ការសង្ស័យបានក្លាយជាកំហឹងធ្វើឲ្យ បុរសម្នាក់ក្លាយជាឃាតករ កាប់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃដោយចោទថាប្រពន្ធខ្លួន មានស្នេហាក្រៅឆាកជាមួយជនរងគ្រោះ ។ នេះបើតាមការផ្សាយរបស់ ផេករដ្ឋបាលខេត្តកំពង់ស្ពឺ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ១៤ និង៤០នាទី ថៃ្ងទី១៦ ខែមីនា ឆ្នាំ២០២១ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភូមិឃុំជាមួយជនល្មើស ។
ក្រោយកើតហេតុកងកម្លាំង ព្រហ្មទណ្ឌស្រុក បានធ្វេីការឃាត់ខ្លួនជនល្មេីស ម៉ៃ សៅគៀង ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធករណីឃាតកម្មដោយចេតនា ធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សែម ភា ហៅវ៉េវ ភេទប្រុស អាយុ ២១ឆ្នាំ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនល្មើសបានធ្វេីសកម្មភាព កាប់ទៅលេីជនរងគ្រោះនៅពេលជនរងគ្រោះកំពុងអង្គុយចិតផ្លែស្វាយនៅខាងក្រោយផ្ទះដោយ មិនបានដឹងខ្លួន។
ជនល្មើសបានកាប់ចំនួន៤កាំបិត គឺចំក្បាលលើត្រជៀក ខាងស្ដាំ១កាំបិត កញ្ចឹងក២កាំបិតសង្ខាង និងកែងដៃខាងស្ដាំ១កាំបិត ។ មូលហេតុដោយជនល្មេីស ចោទប្រកាន់សង្ស័យថាប្រពន្ធខ្លួនមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយជនរងគ្រោះ ។
បច្ចុប្បន្នជនល្មើសត្រូវបានកំលាំងនគរបាលធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាងកាំបិតផ្គាក់ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកសំរោងទង សាកសួរកសាង សំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការបន្ត ៕