ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃ កើនឡើងខ្ពស់ មកដល់ពេលនេះមាន អ្នកឆ្លងជំងឺលើសពី ១១,៥លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.៥៥៥.២៨៤នាក់ ជាមួយគ្នានេះដែរ ករណីឆ្លងជំងឺប្រចាំថ្ងៃ និងអ្នកស្លាប់បន្ថែមទៀត បានកើនឡើងខ្ពស់ នៅក្នុងឆ្នាំនេះ ។

ក្រសួងសុខាភិបាលសហព័ន្ធ បានចេញទិន្នន័យចុងក្រោយបង្អស់ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីមានចំនួន៤០.៩៥៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១៨៨នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។

ចំនួនអ្នកស្លាប់ដែលបានរាប់ នៅក្នុងប្រទេសមាន១៥៩.៥៥៩នាក់ ។

នាយករដ្ឋមន្ត្រី Narendra Modi បានសង្កត់ធ្ងន់ទៅលើបញ្ហា ដែលបានកើនឡើងបន្ទាន់ៗនៃការឆ្លងជំងឺកូវីដ១៩ និងបានអំពាវនាវសុំឲ្យបង្កើន ការទប់ស្កាត់បន្ទាន់ទៅលើរលកទី២នៃការឆ្លងរាតត្បាតនៅក្នុងប្រទេស ។

មានអ្នកជំងឺចំនួន២៨៨.៣៩៤នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១១.១០៧.៣៣២នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទូលបានការព្យាបាល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top