បរទេស ៖ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានទុកពេល៤៨ម៉ោង ឲ្យមន្ត្រីការទូតកូរ៉េខាងជើងបិទស្ថានទូត និងចាកចេញរហូតពីប្រទេស ក្រោយទីក្រុងព្យុង យ៉ាងចោទប្រកាន់ទីក្រុងកូឡាឡាំពួរ ពីបទប្រព្រឹត្តបទឧក្រិដ្ឋ មិនអាចលើកលែងបាន។
ម៉ាឡេស៊ីបាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើង បានបំពានទំនៀមអន្តរជាតិ ក្រោយកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្តាច់ចំណងមិត្តភាពទាំងស្រុង ជាមយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ព្រោះតែធ្វើបត្យាប័នជនជាតិកូរ៉េខាងជើង ទៅសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេស ម៉ាឡេស៊ីបាននិយាយថា “ប្រទេសម៉ាឡេស៊ីថ្កោលទោស ការសម្រេចចិត្តនោះថាជាទង្វើអមិត្តនិងគ្មានភាពស្ថាបនា មិនគោរពស្មារតីគោរពគ្នាទៅវិញទៅមក និងចំណងមិត្តភាពជាអ្នកជិតខាងល្អ នៅក្នុងចំណោមសមាជិក សហគមន៍អន្តរជាតិ”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ទីក្រុងកូឡាឡាំពួរ ក៏បានសម្តែងចេញនូវភាពសោកស្តាយយ៉ាងខ្លាំង ជុំវិញការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងជើង៕