ព័ត៌មានជាតិ

និសិ្ស​ត​ជំនាន់ទី១ ជិត២០០នាក់ចូលរៀន ឆ្នាំសិក្សាថ្មី នៅវិទ្យាស្ថានតេជោសែន សាធារណការ​ ចាប់ពីថ្ងៃ២២​ មីនា​

ភ្នំពេញ​ ៖​ ចាប់ពីថ្ងៃទី២២ ខែមីនា ​ឆ្នាំ២០២១ ស្អែកនេះតទៅ និស្សិតចំនួន ១៨៨នាក់ នឹងចាប់ផ្តើមចូលរៀន នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​ ថ្នាក់សិក្សាឆ្នាំមូលដ្ឋាន ជាមួយនឹងការ បង្រៀនផ្ទាល់ពីបន្ទប់រៀនតាមរយៈប្រព័ន្ធអនឡាញ​ដើម្បីសុវត្ថិភាពជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

ថ្មីៗនេះ​ វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកបវេសនកាលចូលរៀនឆ្នាំសិក្សាថ្មីជាផ្លូវការតាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមសេចក្ដីប្រកាសព័ត៌មានរបស់​ ក្រសួងសាធារ ណការ​ នាថ្ងៃទី២១​ មីនា​ ថា​ វិទ្យាស្ថាននេះ ផ្តល់ជូននូវកម្រិតសិក្សាថ្នាក់ “បរិញ្ញាបត្រ+១” (វិស្វករសិក្សា៥ឆ្នាំ) លើឯកទេស៖ សំណង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ និងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ (សិក្សា៤ឆ្នាំ) លើឯកទេស៖ គ្រប់គ្រងភ័ស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងការដឹកជញ្ជូនផ្លូវទឹក។

ជាងនេះទៅទៀត​ ចំពោះបេក្ខជនទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ៥០នាក់ នឹងទទួលបានអាហារូបករណ៍ សិក្សា១០០% ហើយបេក្ខភាពនារីដែលបានប្រឡង ជាប់ទាំងអស់ ក៏នឹងទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ថ្លៃសិក្សា ដែលនេះជាការលើកទឹកចិត្តដល់ស្រ្តីឱ្យបន្តអាជីបការងារជាវិស្វករសំណង់ស៊ីវិល។

សូមបញ្ជាក់ថា​ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​ ត្រូវបានបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា សម្រាប់វិស្វករសំណង់ស៊ីវិលដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្ម នៅកម្ពុជា៕

To Top