ព័ត៌មានជាតិ

រដ្ឋបាលស្រុកខ្សាច់ កណ្ដាល​ បន្តគិតគូរ​ និងយកចិត្តដាក់ លើការងារចាក់ វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជូនពលរដ្ឋ​ អាយុ៦០ឆ្នាំឡើង

កណ្ដាល​ ៖​ លោក ប៊ុន ផេង​ អភិបាលស្រុកខ្សាច់កណ្ដាល​ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងលោកនាយរដ្ឋបាលស្រុក នៅថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២១​ បានបន្តគិតគូរ យកចិត្តដាក់លើការងារ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ដោយឥតគិថ្លៃ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោកអភិបាលស្រុក បានជម្រាបជូន​ ប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺចាក់ការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសាសន៍ដឹកនាំរបស់ អភិបាលខេត្តកណ្ដាល ព្រមទាំងតាមផែនការដែលរដ្ឋបាលស្រុកបានរៀបចំ តាមលំដាប់លំដោយឃុំ និងតាមចំនួនប្រជាពលរដ្ឋ ធៀបនឹងចំនួនវ៉ាក់សាំងដែល ខាងក្រសួងសុខាភិបាល និងមន្ទីរសុខភិបាលខេត្ត បានផ្ដល់ឲ្យមកការិយាល័យសុខភិបាលស្រុក ដូច្នេះហើយ ទើបប្រជាពលរដ្ឋខ្លះ មិនទាន់ដល់វេនឃុំរបស់ខ្លួនប្រាប់ឲ្យមកចាក់។

លោកអភិបាលស្រុក បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺសាម៉ីខ្លួនជាអ្នកស្ម័គ្រចិត្តឥតបង្ខំទេ ហើយការស្ម័គ្រចិត្តរបស់សាម៉ីខ្លួន គឺឆ្លងកាត់ការប្រឹក្សាយោបល់ពីក្រុមគ្រូពេទ្យជំនាញជាមុនផងដែរ។ ប្រសិនបើមានបញ្ហាសុខភាពមិនអាចចាក់បាន គឺមិនអនុញ្ញាតិឲ្យចាក់ទេ បើទោះជាសាម៉ីខ្លួនស្ម័គ្រចិត្តក៏ដោយ។

ទន្ទឹងនឹងនេះ​ លោកអភិបាលស្រុក ក៏បានណែនាំប្រជាពលរដ្ឋ​ ដែលមកចាក់វ៉ាក់សាំង ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ជានិច្ច និងបាញ់ទឹកអាកុលលាងដៃឲ្យបានញ៉ឹកញាប់ ជៀងវៀងការអង្គុយប្រមូលផ្ដុំ ប៉ះពាល់គ្នា ពិសេសេ អនុវត្តន៍វិធានការការពារ របស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ៕

To Top