ភ្នំពេញ៖ បន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានបរិច្ចាគថវិកាជាបន្តបន្ទាប់រហូត ដល់ជិត១០លានដុល្លារដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានសម្ដែងការ កោតសរសើរចំពោះអ្នកឧកញ៉ាឡេងណាវ៉ាត់ត្រាដែលមិនសម្ងំសុខតែឯង ពេលក្លាយខ្លួនជាមហាសេដ្ឋី។
ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានលើកឡើងបន្ថែមថា ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតីដល់កូនខ្មែរគ្រប់ៗរូបឲ្យភ្ញាក់រលឹកស្រលាញ់ជាតិ និងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យមានប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយកុំចោលអ្នកខ្សត់។
លោកពេជ្រស្រស់ប្រធាន គណបក្សយុវជនកម្ពុជាបានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៨មីនានេះថា «ខ្ញុំសុំកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាដោយស្មោះ ដែល អ្នកឧកញ៉ា មិនសម្ងំសុខតែឯងនៅពេលក្លាយខ្លួនជាមហាសេដ្ឋី សារជាតិអ្នកធ្លាប់ក្រ គឺតែងតែដៃទូលាយ ដោយថ្មីៗនេះ អ្នកឧកញ៉ាបានបរិច្ចាគ ថវិការហូតជិត10លានដុល្លារដើម្បីចូលរួមទប់ស្កាត់មេរោគ Covid-19 ជាមួយរដ្ឋាភិបាលការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតីដល់កូនខ្មែរគ្រប់ៗរូប ឲ្យភ្ញាក់រលឹកស្រលាញ់ជាតិ និងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យ មានប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយកុំចោលអ្នកខ្សត់។ ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់»។
សូមរំលឹកថាកាលពីថ្ងៃទី២៧ មីនា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា៣លាន៥សែនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»៕