បរទេស៖ មីស៊ីលវាយប្រហារក្នុងរយៈចម្ងាយខ្លី ដែលប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង កាលពីថ្ងៃព្រហស្បតិ៍ តាមសេចក្តីរាយការណ៍ ទំនងជាមីស៊ីល KN-23 ដែលពិបាកបាញ់ស្ទាក់នៅកូរ៉េខាងត្បូង ជាប្រទេសងាយរងគ្រោះបំផុតដោយការវាយប្រហារមីស៊ីលចម្ងាយខ្លី។
ទីភ្នាក់ងារសារព័ត៌មានកណ្ដាល គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍នៅថ្ងៃសុក្រថា វិទ្យាស្ថានវិទ្យាសាស្ត្រការពារជាតិរបស់រដ្ឋាភិបាល បានបាញ់តេស្តសាកល្បងអាវុធប្រភេទថ្មី កាលពីថ្ងៃព្រហស្បតិ៍។
លោក Shin Jong-woo ជាអគ្គលេខាធិការនៃវេទិកាសន្តិសុខនិងការពារជាតិកូរ៉េនៅទីក្រុងសេអ៊ូល បាននិយាយថា ម៉ូដែលអាវុធថ្មីដែលកូរ៉េខាងជើងនិយាយនោះ ទំនងជាកំណែប្រែថ្មីនៃមីស៊ីល KN-23 Iskander។
ក្រៅពីនេះ លោកក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើងបានអះអាងថា ម៉ូដែលអាវុធថ្មីនោះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ ដែលមានទម្ងន់ដល់ទៅ២,៥តោន ប៉ុន្តែអង្កត់ផ្ចិតរបស់ក្បាលគ្រាប់និងទំហំជើងទម្រង់សម្រាប់បាញ់ មិនមានការផ្លាស់ប្តូរខ្លាំងនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង