ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន បើកចិត្តជួបជាមួយ ប្អូនស្រីលោក គីម ជុងអ៊ុន ក្នុងអំឡុង កីឡាអូឡាំពិក

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន មិនបដិសេធចំពោះការជួបជាមួយលោកស្រី គីម យូជុង ជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ប្រសិនបើលោកស្រីជ្រើសចូលរួមកីឡាអូឡាំពិកតូក្យូ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតជប៉ុន។ 

លោក Yoshihide Suga បានមានប្រសាសន៍នៅថ្ងៃសុក្រ ក្នុងកិច្ចប្រជុំគណៈកម្មការថវិកានៃក្រុមប្រឹក្សាសមាជិកសភាថា លោកនឹងពិចារណាលើលទ្ធភាពទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃពលរដ្ឋជប៉ុនដែលត្រូវគេចាប់ពង្រត់យកទៅ។ 

ទីភ្នាក់ងារសារព័ត៌មានជប៉ុន ឈ្មោះ Mainichi Shimbun បានរាយការណ៍ថា លោកពោលយ៉ាងដូច្នោះ ជាការឆ្លើយតបចំពោះសមាជិករដ្ឋសភាមួយរូប ដែលសួរលោកស្តីពីដំណើរទស្សនកិច្ចរបស់លោកស្រី គីម យូជុង មកកាន់ប្រទេសជប៉ុន។ 

ក្រោយពិពណ៌នាពីការបាញ់តេស្តមីស៊ីលវាយប្រហារក្នុងចម្ងាយខ្លីរបស់កូរ៉េខាងជើង ថាជាទង្វើមិនអាចទទួលយកបាននោះ លោកនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើវាជួយដោះស្រាយបញ្ហានៃការចាប់ពង្រត់នោះ ខ្ញុំនឹងបើកចិត្តទូលាយគ្រប់លទ្ធភាពទាំងអស់ និងធ្វើការឆ្លើយតបដោយសមស្រប”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top