ព័ត៌មានជាតិ

ប្រយ័ត្ន ! យប់នេះ ប៉ូលិសនឹងចុះអនុវត្ត ការហាមឃាត់ធ្វើដំណើរ ពីម៉ោង៨យប់ដល់៥ភ្លឺ

ភ្នំពេញ ៖ ក្រោយកងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ចុះអប់រំណែនាំអំពីវិធានការបម្រាមគោចរដោយហាមឃាត់ការ ធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់៥ភ្លឺ កាលពីរាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រួចមក នាយប់ថ្ងៃ២ មេសានេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តបម្រាមគោចរ របស់សាលារាជធានីភ្នំពេញហើយ ដោយផ្អាកធ្វើដំណើរបណ្តោះអាសន្នលើកលែងតែ ចំណុចមួយចំនួន។ នេះបើតាមការឲ្យដឹងពីហ្វេសប៊ុករបស់ លោក ស ថេត ស្នងការរាជធានីភ្នំពេញ ។

ក្នុងករណីមិនអនុវត្តតាមវិធានការរដ្ឋបាល រាជធានីភ្នំពេញទេ នឹងត្រូវទទួលទោសតាមច្បាប់កំណត់ ដូចជានឹងដកហូតម៉ូតូ ឡាន ទុក១៤ថ្ងៃ ហើយនឹងធ្វើចត្តាឡីនៅផ្ទះគ្រប់ចំនួន ទើបមានសិទ្ធិមកយកយាន្តជំនិះរបស់ខ្លួនវិញបាន ។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបានដាក់ បម្រាមគោចរហាមឃាត់ការធ្វើដំណើរពីម៉ោង៨យប់ដល់៥ភ្លឺក្នុងរយៈពេល១៤ថ្ងៃចាប់ពី១-១៤មេសា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ឲ្យគ្រប់អភិបាលរាជធានី-ខេត្តអនុវត្តក្នុងស្ថានភាព ជាក់ស្តែងណាមួយ ៕

To Top